អភិបាលខេត្តតាកែវ អំពាវនាវ ដល់យុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីសហគមន៍គ្មានគ្រឿងញៀន
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការអំពាវនាវយ៉ាងទទូច ដល់សិស្សានុសិស្ស និងស្រទាប់យុវជនទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានទូលំទូលាយ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីសារធាតុញៀន គ្រប់ប្រភេទតែម្តង។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសលោក វ៉ី សំណាង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀន ដែលបានរៀបចំឡើងនៅក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។

នាឱកាសនោះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា គ្រឿងញៀនគឺជាសារធាតុញៀនដ៏គ្រោះថ្នាក់បំផុត ដែលបំផ្លាញស្មារតី សុខភាព រាងកាយ និងអាចឈានទៅដល់ការបាត់បង់អាយុជីវិតទៀតផង។ ក្នុងនាមយុវជន ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃប្រទេសជាតិ មិនត្រូវពាក់ព័ន្ធ ឬលង់ខ្លួនក្នុងអន្ទាក់គ្រឿងញៀនជាដាច់ខាត ដាច់ខាតមិនត្រូវចង់ដឹង ចង់សាកល្បងនោះឡើយ។ ផ្ទុយទៅវិញ យុវជនត្រូវរួមគ្នាក្លាយជាកម្លាំងចលករ ក្នុងការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ ដើម្បីរួមគ្នាកសាងសហគមន៍ គ្រួសារ និងសង្គមជាតិទាំងមូលឱ្យគ្មានគ្រឿងញៀន ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំ និងជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំ ដាប់ថ្នាក់ បង្កើនការចុះត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងប្រឈមនានា ព្រមទាំងចុះធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម រួមមាន ផ្ទះសំណាក់ ក្លឹបកម្សាន្ត ហាងខារ៉ាអូខេ (KTV) ច្រកទ្វារព្រំដែន និងតំបន់កម្សាន្តផ្សេងៗទៀត ដើម្បីឱ្យពួកគាត់ចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាបទល្មើសផ្សេងៗទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ ៕










