ក្រសួងអប់រំ ហាមឃាត់ថតចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) មុនការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ថា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ប្រព្រឹត្តទៅប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ព្រមទាំងរក្សា ការសម្ងាត់នៃឯកសារប្រឡង និងជៀសវាងការបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជន ចំពោះដំណើរការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖
ក្រសួងហាមឃាត់ជាដាច់ខាត នូវការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាម គ្រប់រូបភាព និងគ្រប់មធ្យោបាយ នូវប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និង សន្លឹកស្រង់ពិន្ទុ (MCS) ក្នុងអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រឡង
ការបង្ហោះ ឬផ្សព្វផ្សាយឯកសារដូចមានចែងខាងលើ ទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថាជាអំពើហាមឃាត់ ។
បុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និង បទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនីមួយៗ។
ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការ គ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែករក្សាភាពសុចរិត តម្លាភាព និងភាពជឿជាក់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦៕
