លោក ខូយ រីដា បន្តដឹកនាំកងកម្លាំង មន្ត្រីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូនិងប្រជាពលរដ្ឋ អោយចូលរួមចាក់បេតុង ឡប់ឡែផ្លូវបំពេញជង្ហុកសំបុកមាន់ លើផ្លូវកៅស៊ូលេខ ១៥៤ D ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ ក្រោយពីបានបញ្ចប់បេសកកម្ម ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានប៉េតុង ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកភ្នំក្រវាញរួចមក, នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំង អាជ្ញាធរមូលដ្ឋាន លោកគ្រូ និងបងប្អូនប្រជាពលរដ្ឋ បានចលនាចាក់ប៉េតុងឡប់ឡែ ដើម្បីបំពេញជង្ហុកសំបុកមាន់ ដើម្បីស្តារ និងសម្រួលដល់ការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ លើកំណាត់ផ្លូវកៅស៊ូ ដែលជាគម្រោងអភិវឌ្ឍន៍ជនបទ លេខ១៥៤D ក្នុងឃុំបឹងខ្នារ ឆ្ពោះទៅកាន់ឃុំមេទឹក ស្រុកបាកាន។

គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦មក ក្រុមការងារបានជួយជួសជុលគំហុក និងសំបុកមាន់ លើកំណាត់ផ្លូវខាងលើ សម្រេចបានជាង ៤គីឡូម៉ែត្រហើយ ។ ការចុះជំរុញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជាសារដាស់តឿនមួយ ដល់អាជ្ញាធរដែនដី ឱ្យចេះថែទាំផ្លូវដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវការតភ្ជាប់ទំនាក់ទំនង គមនាគមន៍ជូនប្រជាពលរដ្ឋបានស្រួល ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានរលូន ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។

ថ្លែងក្នុងសកម្មភាពដឹកនាំផ្ទាល់នៅនឹងកន្លែង លោក ខូយ រីដា បានបញ្ជាក់យ៉ាងមុតមាំថា យើងមិនត្រូវគិតចាំតែថវិការបស់ថ្នាក់ជាតិធ្លាក់ពីលើនោះឡើយ ពោលគឺអាជ្ញាធរស្រុក ឃុំ និងភូមិ ត្រូវចេះរិះរកវិធីសាស្ត្រ និងបន្តចលនាដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីរួមគ្នាចាត់វិធានការដោះស្រាយជាប្រចាំដល់បងប្អូនយើងឱ្យធ្វើដំណើរបានស្រួល។

លោកអភិបាលខេត្តក៏បានបន្ថែមថា សកម្មភាពចុះអន្តរាគមន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាគំរូដ៏មានសារសំខាន់មួយ ដែលលោកចង់បំផុសចលនាឱ្យគ្រប់ក្រុង-ស្រុកទាំងអស់ទូទាំងខេត្តពោធិ៍សាត់ ចាប់ផ្តើមធ្វើសកម្មភាពដូចឃុំបឹងខ្នារនេះដែរ សំដៅពង្រឹងកិច្ចសហការ និងស្មារតីម្ចាស់ការក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនទ្វេដង។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្រោមស្មារតីសហការ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នឹងបន្តជាកម្លាំង ចលករដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហា ប្រឈមនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕



ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល









