Feature

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យជីវភាពការងារជាក់ស្ដែង របស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព​ នៃការសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរបត់ឆ្ពោះ ទៅកាន់សង្កាត់ចាក់អង្រែលើ ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យជីវភាព ការងារជាក់ស្ដែង របស់មន្រ្តីប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ចាក់អង្រែលើ។

ជាផ្ទះល្វែងផ្ទាល់ដី ជាប់ផ្លូវជាតិលេខ២ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ចង្អៀត និងចាស់បន្តិចមែន ប៉ុន្តែ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឃើញមន្រ្តីបំពេញ តួនាទីបម្រើពលរដ្ឋយ៉ាងសកម្ម ដោយខ្លះកំពុងទទួលពាក្យ បណ្ដឹងករណីបាត់អត្តសញ្ញាណបណ្ណ និងខ្លះបំពេញបែបបទសៀវភៅស្នាក់នៅជូនពលរដ្ឋ។

ផ្អែកលើការពិនិត្យជាក់ស្ដែង និងការសន្ទនាជាមួយលោកនាយកប៉ុស្តិ៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលព័ត៌មានមួយចំនួនពីទីនោះ ជាអាទិ៍ តម្រូវការអាទិភាពសម្រាប់មន្រ្តីចេញល្បាត និងបង្ក្រាបបទល្មើស ការបែងចែកពេលវេលា រវាងការងារស្នូលនៅប៉ុស្តិ៍ និងការងារពាក់ព័ន្ធនៅខាងក្រៅអង្គភាពជាដើម។

បន្ថែមពីនេះ ក៏ទទួលបានមេរៀន និងបទពិសោធល្អៗ សំណើ សំណូមពរ បញ្ហាប្រឈមរបស់មន្រ្តីប៉ុស្តិ៍ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការវិភាគ ពិចារណាក្នុងដំណើរការកែទម្រង់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ជាបន្តបន្ទាប់៕

To Top