Feature

ទូតកម្ពុជា-ឡាវ ពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅ របស់សហគមន៍ខ្មែរ-ឡាវ

ភ្នំពេញ ៖ លោកឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និង លោកស្រី Kaymany ORABOUNE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំ នៅប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា លើការផ្លាស់ប្តូរយោបល់ អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅរបស់សហគមន៍ខ្មែរ-ឡាវ ។

ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅ របស់សហគមន៍ខ្មែរ និងឡាវក្នុងប្រទេសកូរ៉េ ។ ឯកឧត្តមឃួន ផុនរតនៈ ឯកអគ្គរាជទូត ក៏បានចែករំលែកបទពិសោធន៍ ក្នុងការបំពេញសកម្មភាពការងាររបស់ឯកឧត្តមក្នុងប្រទេសកូរ៉េ រយៈពេលជិត១ឆ្នាំកន្លងមកនេះផងដែរ។

ឯកអគ្គរាជទូតមានប្រសាសន៍ថា ប្រទេសកម្ពុជា និងឡាវ គឺ ជាអ្នកជិតខាងល្អ ហើយជាសមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ។ លោកសង្ឃឹមថា ស្ថានតំណាងនៃប្រទេសទាំងពីរ នឹងសហការធ្វើការជាមួយគ្នាកាន់តែជិតស្និត ដោយបង្កើតសកម្មភាពនានា ដើម្បីបង្កើន ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ដូចជាកម្មវិធីប្រកួត កីឡាបាល់ទាត់ មិត្តភាពរវាងសហគមន៍ខ្មែរ-ឡាវក្នុងប្រទេសកូរ៉េជាដើម។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានតំណាង នៃប្រទេសទាំងពីរ សំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបំពេញ បេសកកម្មការទូតនៅប្រទេសកូរ៉េនេះ៕

To Top