Feature

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មាន រាជធានី-ខេត្ត ត្រូវក្លាយជាច្រក ផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័រ របស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទី ជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការ ដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិត ដល់សាធារណជន។

ការជំរុញបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មាន រាជធានី-ខេត្ត» កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេស នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់មកពីមន្ទីរព័ត៌មាន២៥ រាជធានី-ខេត្ត។

លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មាន រាជធានី-ខេត្តទាំងអស់ ឱ្យប្រកាសជាផ្លូវការដើម្បីជូនដំណឹង ដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន អំពីដំណើរការ នៃគេហទំព័ររបស់មន្ទីរព័ត៌មានខ្លួន ដែលបានដាក់ឱ្យដំណើរការរយៈពេលពីរខែហើយ។ ការណ៍នេះធ្វើឡើង ដើម្បីឱ្យពួកគាត់ទទួលបានប្រភពព័ត៌មាន និងដំណឹងផ្លូវការច្បាស់លាស់ ស្តីពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត សមិទ្ធការងារក្នុងមូលដ្ឋាន ព្រមទាំងការឆ្លើយតបនានា ទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ ក្នុងសហគមន៍មូលដ្ឋានរៀងៗខ្លួន ខណៈត្រឹមតែរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ បានផ្សព្វផ្សាយព័ត៌មាន ដែលបញ្ជ្រាបខ្លឹមសារ និងទិដ្ឋភាពខាងលើ សរុបជាង ៧ ០០០ អត្ថបទរួចហើយ។

លោកអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា គេហទំព័ររបស់មន្ទីរព័ត៌មាន គឺជាប្រភពផ្លូវការដែលរក្សាទុកទិន្ន័យ អត្ថបទព័ត៌មាន រូបភាព ឬវីដេអូដែលបានផ្សាយរួចបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ងាយស្រួលស្វែងរកពេលចាំបាច់ ដោយមិនពិបាកស្វែងរក ឬមានហានិភ័យនៃការបាត់បង់ ដូចបណ្តាញសង្គមផ្សេងៗឡើយ។

លោកបានបន្ថែមថា ដើម្បីឱ្យគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទទួលបានការគាំទ្រកាន់តែច្រើនពីគ្រប់មជ្ឈដ្ឋាន មន្ត្រីព័ត៌មានត្រូវរៀបចំផែនការ និងកិច្ចប្រជុំជារៀងរាល់សប្តាហ៍ ដើម្បីកំណត់ប្រធានបទដែលពាក់ព័ន្ធនឹងតម្រូវការ និងការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាផ្សេងៗ ដោយមិនត្រូវទុកឱ្យបញ្ហាមួយចំនួនផ្ទុះឡើង និងបង្កជាបាតុភាពអវិជ្ជមានក្នុងមូលដ្ឋានឡើយ ពោលគឺត្រូវផលិតមាតិកាព័ត៌មាន និងផ្សព្វផ្សាយឱ្យបានលក្ខណៈបែបបុរេសកម្ម ទើបធ្វើឱ្យការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ។

ជាមួយគ្នានេះ មន្ទីរព័ត៌មាន ត្រូវផលិតព័ត៌មានផ្ទាល់ខ្លួនឱ្យបានច្រើន និងផ្តោតលើគុណភាព តាមរយៈការសម្ភាសន៍មន្ត្រីជំនាញ ក្នុងខេត្តលើប្រធានបទវិស័យអាទិភាព ពាក់ព័ន្ធនឹងវិស័យកសិកម្ម តម្លៃកសិផល សុខាភិបាល ទេសចរណ៍ ការទទួលបានការងាររបស់បងប្អូនពលករ និងបញ្ហាដីធ្លីជាដើម។ ក្រៅពីនេះ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានជាប្រចាំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនីមួយៗលើការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។

រាល់មាតិកាព័ត៌មានត្រូវយកទៅផ្សព្វផ្សាយ លើគេហទំព័រផ្លូវការរបស់មន្ទីរ និងចែករំលែកបន្តតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Telegram, TikTok ខណៈត្រូវពង្រឹងការផ្សាយផងដែរតាមប្រព័ន្ធផ្សព្វផ្សាយ បែបបុរាណមានវិទ្យុ និងទូរទស្សន៍របស់មន្ទីរព័ត៌មាន ដើម្បីជំរុញប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែទូលំទូលាយថែមទៀត។

ក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញបានធ្វើបទបង្ហាញពីវឌ្ឍនភាព នៃការកែសម្រួលគេហទំព័រព័ត៌មាន របស់មន្ទីរព័ត៌មានជូនអ្នកចូលរួមបានជ្រាប និងយកទៅអនុវត្តឱ្យទទួលបានជោគជ័យ។ ក្នុងនោះដែរ អង្គប្រជុំបានធ្វើការពិភាក្សា និងសួរ/ឆ្លើយយ៉ាងផុលផុស ក្នុងគោលបំណងជំរុញការផ្សាយព័ត៌មាន តាមគេហទំព័រនេះឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាច្រកចេញចូលព័ត៌មានផ្លូវការ សម្រាប់រាជធានី-ខេត្តនីមួយៗ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលមានលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ជាប្រធាន។

ការបង្កើតក្រុមការងារនេះមានគោលបំណង​ លើកកម្ពស់គុណភាព និងស្តង់ដានៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផល និងសកម្មភាពអភិវឌ្ឍន៍នានា នៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។

ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដែលបានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕

To Top