ក្រសួងអប់រំ នឹងបន្តបង្កើតឱកាសសិក្សារៀនសូត្រ និងបំប៉នសមត្ថភាពបន្ថែមទៀត ដើម្បីជំរុញស្មារតី នៃការសិក្សាពេញមួយជីវិត
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តបង្កើតឱកាសសិក្សារៀនសូត្រ និង ការបំប៉នសមត្ថភាពបន្ថែមទៀត ដើម្បីជំរុញស្មារតី នៃការសិក្សាពេញមួយជីវិត សំដៅប្រែក្លាយយុវជនកម្ពុជា ឱ្យទៅជាពលរដ្ឋគំរូ និងជាខឿនការពារជាតិដ៏រឹងមាំ ប្រកបដោយសក្តានុពលសម្រាប់អនាគត។
ក្នុងពិធីប្រារព្ធខួបលើកទី២៧ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦» ក្រោមប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា – Different Contexts, Common Aspirations» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ទោះបីជាយុវជនរស់នៅក្នុងបរិបទផ្សេងគ្នា មកពីស្ថានភាពគ្រួសារខុសគ្នា និងនិយាយភាសាផ្សេងគ្នាក៏ដោយ ប៉ុន្តែយុវជនជុំវិញពិភពលោកសុទ្ធតែមាន បំណងប្រាថ្នារួមគ្នា ក្នុងការអភិវឌ្ឍសមត្ថភាព ការលើកកម្ពស់សាមគ្គីភាព និងការចូលរួមចំណែកបង្កើតដំណោះស្រាយវិជ្ជមាន ដើម្បីជួយដល់ការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន។
ឧបនាយករដ្ឋមន្ត្រី បន្ដថា ដូចនេះក្រៅពីការសិក្សានៅក្នុងថ្នាក់ យុវជនគួរចូលរួម ក្នុង កម្មវិធីក្រៅម៉ោងសិក្សា ឱ្យបានច្រើន ហើយត្រូវសាកល្បងសមត្ថភាពខ្លួនឯង តាមរយៈការធ្វើការងារស្ម័គ្រចិត្ត ដើម្បីទទួលបានបទពិសោធការងារជាក់ស្តែង រៀនសូត្រអ្វីដែលថ្មីៗ និងបង្កើតបណ្តាញទំនាក់ទំនងនានា ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ឥរិយាបថល្អ និងមានក្តីស្រមៃច្បាស់លាស់ ជាពិសេសចាប់យកឱកាសអភិវឌ្ឍខ្លួនឱ្យបានច្រើន ។
លោក ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យយុវជនកម្ពុជាទាំងអស់ បន្តប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនជានិច្ច យកចំណេះដឹង និងបច្ចេកវិទ្យាទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ ប្រកបដោយសីលធម៌ គុណធម៌ និងការទទួលខុសត្រូវ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ៕
