លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យគុណភាព និងស្ថានភាពផ្លូវចំនួន៣ខ្សែ និងស្រះទឹក១កន្លែង នៅខេត្តតាកែវ
តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យគុណភាពផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុទើបបញ្ចប់ការសាងសង់ ចំនួន ២ខ្សែ ស្ថិតនៅក្នុងខេត្តតាកែវ។
ផ្លូវនិងស្រះទឹកនោះមាន ដូចខាងក្រោម៖
ខ្សែទី១ ឈ្មោះផ្លូវ ភូមិពោន-វត្តក្រពុំឈូក ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុងមានប្រវែងសរុប ៦,៧៨គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជន្ទល់មេឃ ឃុំពេជសារ ទៅដល់ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៣៧៩ គ្រួសារ ស្មើនឹង ៥ ៩៩៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៣ ១៧៣គ្រួសារ ស្មើនឹង ១៣ ០៦៣នាក់។ ខ្សែផ្លូវនេះ បានបញ្ចប់ការសាងសង់ ១០០% កាលពីខែមករា ឆ្នាំ២០២៦។
ខ្សែទី២ ឈ្មោះផ្លូវ ដើមដូង-Road No.111 ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១៥,៧៥គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិសំរោង ឃុំរមេញ ទៅដល់ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែក ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ០៥១គ្រួសារ ស្មើនឹង ៨ ៨៥០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៦៩២គ្រួសារ ស្មើនឹង ៧ ៦២៣នាក់។ ខ្សែផ្លូវនេះ បានបញ្ចប់ការងារសាងសង់ ១០០% កាលពីខែកញ្ញា ឆ្នាំ២០២៥។
ខ្សែផ្លូវចំនួន ២ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រ និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។ ក្នុងឱកាសពិនិត្យនោះ លោករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញដល់ក្រុមហ៊ុនទទួល ការធ្វើការកែលម្អចំណុចខូចខាតឱ្យរឹងមាំ ដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅតំបន់ប្រើប្រាស់បានយូរអង្វែង។
បន្ទាប់ពីបានពិនិត្យគុណភាពផ្លូវ ខាងលើរួចមក លោករដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវមួយខ្សែ ដែលមាន ឈ្មោះផ្លូវ វត្តត្រឡាច – ភូមិរូង ជាផ្លូវក្រាលក្រួសធម្មជាតិ មានប្រវែង ៧,៨០គ.ម. តភ្ជាប់ទៅភូមិទន្លេ ភូមិឆឹស ភូមិត្រពាំងត្រាវ ភូមិត្រឡាច ក្នុងឃុំត្រឡាច ស្រុកទ្រាំង និងភូមិត្រពាំងកក់ និងភូមិលៀប ឃុំធ្លាប្រជុំ ស្រុកកោះអណែ្តត ខេត្តតាកែវ ។ ក្នុងនោះមានប្រជាជនប្រើប្រាស់ចំនួនភូមិ ១០ភូមិ ស្មើនឹង ១ ២៩៩គ្រួសារ នៃឃុំត្រឡាច ស្រុកទ្រាំង និងភូមិចំនួន ៧ភូមិ ស្មើនឹង ១ ៦០២គ្រួសារ នៃឃុំធ្លាជុំ ស្រុកកោះអណ្ដែត។ ក្នុងឱកាសពិនិត្យស្ថានភាពនោះ លោករដ្ឋមន្ត្រី បានណែនាំ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដាក់បញ្ចូលខ្សែផ្លូវនេះ ទៅក្នុងគម្រោងដៃគូអភិវឌ្ឍន៍ ដើម្បីស្ថាបនាជាផ្លូវដែលធន់ នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងបង្កើតការតភ្ជាប់ ពីតំបន់ជនបទទៅកាន់ទីប្រជុំជន និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។
ឆ្លៀតក្នុងឱកាសពិនិត្យគុណភាព និងស្ថានភាពនេះ លោករដ្ឋមន្ដ្រី និងគណៈប្រតិរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពស្រះទឹកសហគមន៍មួយកន្លែង ដែលមានបណ្ដោយ ៥២ម៉ែត្រ ទទឹង ៣២ម៉ែត្រ ជម្រៅ ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិទន្លេ ឃុំត្រឡាច ស្រុកទ្រាំង ដែលមានអ្នកទទួលផលចំនួន ៩៨គ្រួសារ ស្មើនឹង ៤៦៥នាក់។ ស្រះសហគមន៍នេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០២៤ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ៕


















