លោក ខូយ រីដា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន ពង្រឹងគុណភាពអប់រំ និងវិជ្ជាជីវៈគ្រូ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នារសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសាលប្រជុំបណ្ណាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យ ព្រមទាំងលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ មកពីគ្រឹះស្ថានអប់រំទូទាំងខេត្ត សរុបជាង ៥០០នាក់។

ការរៀបចំពិធីផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារនៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដើម្បីលើកកម្ពស់ការយល់ដឹង ការអនុវត្តឱ្យមានប្រសិទ្ធភាព និងស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅពង្រឹងគុណភាពអប់រំ និងលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព និងភាពជាអាជីព។

ក្នុងឱកាសនោះដែរ លោក ខូយ រីដា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
អត្ថបទនេះដោយ ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល



