យុវជនក្រីក្រ និងពលរដេ្ឋទូទៅជិត ២ពាន់នាក់ក្នុងខេត្តសៀមរាប មានជំនាញ និងចំណូលសមរម្យ ដោយសារកម្មវិធីធីវេត ១,៥ លាននាក់ របស់សម្ដេចធិបតី
សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,៨៩០កន្លែង សិក្សាដោយឥតគិតថ្លៃ លើជំនាញ១១មុខវិជ្ជាដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1.5M)។


បើយោងតាមការផ្សាយរបស់វិទ្យាស្ថាន ជំនាញទាំង១១ នោះរួមមាន៖ ការដំឡើង និងថែទាំបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលឧបករណ៍អេឡិចត្រូនិក, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មសម្អាងកាយ (សាឡន), សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ធុរកិច្ចភេសជ្ជៈ, ការផលិតនំ (ដុតនំ)។

វិទ្យាសា្ថននឹងបើកវគ្គសិក្សាថ្មី ដែលចាប់ផ្តើមទទួលឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត ។ លើសពីនេះ សិក្ខាកាមនិងទទួលបានប្រាក់ ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌(បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។

ទន្ទឹមនេះសិក្ខាកាមអាចទំនាក់ទំនង សាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៩៦ ៦៦៦ ០៣០៦/ ០៨៩ ៤៨៣ ៦២៣/ ០៩៧ ៧០០ ៧៧៩៤ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) ផ្ទាល់ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិកន្ធាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕











