Feature

ក្រសួងការងារ និង ធនាគារដៃគូទាំង៨ ពិនិត្យវឌ្ឍនភាពការ ផ្តល់ឥណទាន ជូនបងប្អូនជនទេសន្តរប្រវេសន៍ ការងារខ្មែរទៅធ្វើការ នៅក្រៅប្រទេស

ភ្នំពេញ ៖ ​លោក ស្រ៊ុន ចន្ថុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈ​ នៃការយោគយល់គ្នា ស្តីពីការផ្តល់ឥណទានសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ជាមួយតំណាងធនាគារដៃគូចំនួន៨ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ធនាគារដៃគូទាំង៨ ដែលបានចូលរួមកិច្ចប្រជុំរួមមាន ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ កាណាឌីយ៉ា (Canadia Bank), ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank), ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក (SBI Cambodia PLC), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank) និងធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia)។

ក្នុងឱកាសនោះ លោក ស្រ៊ុន ចន្ថុល បានថ្លែងអំណរគុណ ចំពោះធនាគារដៃគូទាំង៨ ដែលបានចូលរួមអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ជាពិសេសការសម្របសម្រួល ផ្តល់ឥណទានជូនបងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ឱ្យកាន់តែងាយស្រួល និងមានភាពបត់បែន សម្រាប់ការចេញទៅធ្វើការនៅក្រៅប្រទេស។

ជាមួយគ្នានោះ តំណាងធនាគារដៃគូទាំង៨ បានឯកភាពបន្តកែសម្រួលលក្ខខណ្ឌ និងនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើឱ្យដំណើរការផ្តល់ឥណទាន កាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅជួយសម្រួល ដល់បងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ដែលមានបំណង ទៅធ្វើការនៅក្រៅប្រទេស។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ លើការរៀបចំឯកសារ និងសេវាកម្មពាក់ព័ន្ធនឹងការចេញទៅធ្វើការនៅក្រៅប្រទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយធនាគារដៃគូចំនួន៨ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសមរម្យ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ របស់បងប្អូនជនទេសន្តរប្រវេសន៍ ការងារខ្មែរ៕

To Top