Feature

ក្រសួងការងារបន្តពង្រឹង ចំណេះដឹងច្បាប់ការងារ ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីព​ចំនួន ២៥៥នាក់ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បទប្បញ្ញត្តិច្បាប់ស្តីពីការងារ ជូនដល់រដ្ឋបាល សហជីព និងប្រតិភូបុគ្គលិកមកពីបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ឆ្នាំង។

វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ២៥៥នាក់ មកពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់តួអង្គពាក់ព័ន្ធឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ចំណេះដឹងនេះនឹងជួយឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ប្រតិភូបុគ្គលិក និងសហជីព កាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវអនុលោមភាពតាមច្បាប់ និងលើកកម្ពស់ផលិតភាពការងារនៅក្នុងសហគ្រាសនីមួយៗ។

ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ បានផ្ដោតលើប្រធានបទធំៗចំនួន ៣ រួមមាន លក្ខខណ្ឌទូទៅនៃការងារ ការអនុវត្តកិច្ចសន្យាការងារ និងយន្តការដោះស្រាយវិវាទការងារ ដែលសុទ្ធសឹងតែជាចំណេះដឹងគន្លឹះសម្រាប់សម្របសម្រួលទំនាក់ទំនងរវាងកម្មករនិយោជិត និងនិយោជក ក្នុងគោលដៅបង្ការ និងកាត់បន្ថយវិវាទការងារដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម។

មានប្រសាសន៍ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍចំណេះដឹងផ្នែកច្បាប់​ ការងារដល់ភាគីពាក់ព័ន្ធ គឺជាការវិនិយោគលើមូលធនមនុស្សដ៏សំខាន់ ដើម្បីទ្រទ្រង់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា នៅកន្លែងធ្វើការឱ្យបាន ទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព៕

To Top