Feature

កម្ពុជា រៀបចំទិវាវាយតម្លៃ ទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ ផ្តោតលើការជំរុញនវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំទិវាវាយតម្លៃ ទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព ៖ អានុភាពនៃការវាយតម្លៃទទួលស្គាល់» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទី នៃការវាយតម្លៃទទួលស្គាល់ (Accreditation) និងការវាយតម្លៃភាពអនុលោម (Conformity Assessment) ក្នុងការជំរុញនវានុវត្តន៍ ពង្រឹងទំនុកចិត្តទីផ្សារ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។

ទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ ត្រូវបានផ្តួចផ្តើមដោយ Global ACI ជាស្ថាប័នសកលថ្មីមួយ ដែលកើតចេញពីការរួមបញ្ចូលគ្នា រវាងវេទិកាវាយតម្លៃទទួលស្គាល់អន្តរជាតិ (IAF) និងស្ថាប័នកិច្ចសហប្រតិបត្តិការ វាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍អន្តរជាតិ (ILAC) ដើម្បីជំរុញការយល់ដឹងអំពីសារសំខាន់ នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ក្នុងការធានាគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃទំនិញ និងសេវាកម្មនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។

ការវាយតម្លៃទទួលស្គាល់គឺជាមូលដ្ឋានគ្រឹះនៃការទទួលស្គាល់លទ្ធផលធ្វើតេស្ត ការធ្វើអធិការកិច្ច ការចេញវិញ្ញាបនបត្រ ការផ្ទៀងផ្ទាត់ និង ការបញ្ជាក់សុពលភាព ដែលជួយកាត់បន្ថយរបាំងបច្ចេកទេសក្នុងពាណិជ្ជកម្ម និងគាំទ្រការ អនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក (MRAs) ដោយអនុវត្តគោលការណ៍ «ធ្វើតេស្តម្តង ទទួលស្គាល់គ្រប់ទីកន្លែង»។

ថ្លែងក្នុងទិវានេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានលើកឡើងថា «នៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មជំនាន់ថ្មី ការងារវាយតម្លៃ ទទួលស្គាល់ជាឧបករណ៍យុទ្ធសាស្ត្រដ៏មានអានុភាព ក្នុងការជួយគាំទ្រ ការងារគ្រប់គ្រង និងការងារបច្ចេកទេសក្នុងផ្នែកសំខាន់ៗ ដូចជាការជំរុញ និងគាំទ្រនវានុវត្តន៍ ការកសាងទំនុកចិត្តលើទីផ្សារ ការធានានិរន្តរភាព និងការអភិវឌ្ឍបៃតង»។

លោក រដ្ឋមន្ត្រី បានបន្ថែមថា ទំនុកចិត្តក្នុងទីផ្សារត្រូវបានកសាងលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដែលប្រកាន់ខ្ជាប់នូវអភិក្រម៣C រួមមាន សមត្ថភាព (Competency) អនុលោមភាព (Compliance) និង ទំនុកចិត្ត (Confidence) ដើម្បីធានាថា ផលិតផល និង សេវាកម្មមានគុណភាព សុវត្ថិភាព និងអាចប្រកួតប្រជែង​ បាននៅលើទីផ្សារអន្តរជាតិ៕

To Top