ខែកក្កដា មានអ្នកដំណើរជិត ១៥០នាក់ បានស្លាប់ និងជាង ២៤០នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ ភាគច្រើនបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង ការបត់មិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។
ក្នុង៦ខែដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើង បើធៀបឆ្នាំ២០២៥ ក្នុងនោះ ករណីគ្រោះថ្នាក់ មានកំណើន២១៣លើក ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់មានកំណើន៧៩នាក់ ស្មើ១១ភាគរយ និងចំនួនអ្នករបួសមានកំណើន៤៦៨នាក់ ស្មើ៣២ភាគរយ។
លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់លិខិតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំគោលការណ៍អនុញ្ញាត រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។
ក្នុងលិខិតស្នើសុំនោះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានគោរពរាយការណ៍ ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តី អំពីក្ដីព្រួយបារម្ភករណីកំណើនគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីការអនុវត្តច្បាប់នៅទូទាំងប្រទេសបានផ្អាកមួយរយៈធំ ដើម្បីសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចពលរដ្ឋ៕









