Feature

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុងអន្តរជាតិ ​ចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦ ទាក់ទាញអត្តពលិក និងអ្នកចូលរួមជាង៦ពាន់នាក់ មកពី៥១ប្រទេស

ភ្នំពេញ៖ ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុងអន្តរជាតិ​ ចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦ ទាក់ទាញអត្តពលិក និងអ្នកចូលរួម រត់ប្រណាំង សរុបចំនួន ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ អត្តពលិកខ្មែរមានចំនួន ៥,៤៥០នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ១,០៥០នាក់ មកពី ៥១ប្រទេស។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ​ចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ព្រឹត្តិការណ៍ឆ្នាំនេះមានអត្តពលិក និងអ្នកចូលរួមរត់ប្រណាំងសរុបចំនួន ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ អត្តពលិកខ្មែរមានចំនួន ៥,៤៥០នាក់ និងអត្តពលិកអន្តរជាតិចំនួន ១,០៥០នាក់ មកពី ៥១ប្រទេស។

ប្រទេសដែលមានអត្តពលិក ចូលរួមច្រើនជាងគេ រួមមាន៖ ចិន ២០១នាក់ ជប៉ុន ១០០នាក់ និងចក្រភពអង់គ្លេស ១០០នាក់។ ការកើនឡើងនៃចំនួនអ្នកចូលរួម ជាពិសេសអត្តពលិកអន្តរជាតិ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំង នៃព្រឹត្តិការណ៍កីឡាអន្តរជាតិនៅតំបន់អង្គរ និងរួមចំណែកជំរុញទេសចរណ៍កីឡា (Sports Tourism) ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងនាំយករូបភាពនៃ កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ទៅកាន់ពិភពលោក។

ឆ្លៀត​ក្នុងឱកាសអញ្ជើញចូលរួម ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត លោក ហួត ហាក់ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមអត្តពលិកចិន ដោយបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ឡើងវិញ ពីការអនុវត្តយន្តការលើកលែងទិដ្ឋាការ (Visa Exemption) រយៈពេល ១៤ថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋចិន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។

សូមរំលឹកថា ស្របតាម «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការ ដល់ប្រជាពលរដ្ឋចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជា បានចំនួន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ៕

To Top