ក្រសួងវប្បធម៌ នឹងអនុវត្តគម្រោង “ការពង្រឹងប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច ច្នៃប្រតិដ្ឋកម្ពុជា”
ភ្នំពេញ ៖ ក្រោមការគាំទ្រពីមូលនិធិអន្តរជាតិ សម្រាប់ភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌របស់អង្គការយូណេស្កូ (UNESCO) និងអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ ក្រសួងវប្បធម៌ នឹងអនុវត្តគម្រោង «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រតិដ្ឋកម្ពុជា៖ ការរៀបចំគោល នយោបាយជាតិស្តីពីឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនិងការបង្កើត មជ្ឈមណ្ឌលគាំទ្រសាកល្បង»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូបានឱ្យដឹងថា ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការច្នៃប្រតិដ្ឋថ្មី ការបង្កើតការងារ និងបរិយាបន្នសង្គម ។
វិស័យនេះ ក៏មានតួនាទីដ៏សំខាន់ក្នុងការអភិរក្ស ការពារបេតិកភណ្ឌវប្បធម៌ ជំរុញការបង្ហាញស្នាដៃសិល្បៈ និងការច្នៃប្រតិដ្ឋរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា កង្វះការយល់ដឹងពីវិស័យ កង្វះទិន្នន័យ និងទំនាក់ទំនងការងាររវាងដៃគូពាក់ព័ន្ធ។
គម្រោង ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រតិដ្ឋកម្ពុជា មានគោលបំណងបង្កើតផលវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា តាមរយៈសកម្មភាពសំខាន់ពីរ៖ ការបង្កើតគោលនយោបាយដោយផ្អែកលើទិន្នន័យនិងព័ត៌មានច្បាស់លាស់ ការពង្រឹងសមត្ថភាពរបស់ស្ថាប័ន និងការផ្តល់ជំនួយដល់អ្នកជំនាញ និងអ្នកបង្កើតស្នាដៃក្នុងវិស័យ។
គម្រោងនេះ នឹងគាំទ្រការរៀបចំគោលនយោបាយជាតិ ស្តីពីឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា តាមរយៈការសិក្សាប្រៀបធៀបអំពីគំរូ នៃការគ្រប់គ្រងឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋក្នុងតំបន់ និងអន្តរជាតិ , ការធ្វើផែនទីកំណត់សម្គាល់ធនធានវប្បធម៌ និងច្នៃប្រតិដ្ឋ អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ , ការប្រមូលទិន្នន័យដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ និងការវិនិយោគ , ការពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល តាមរយៈការបណ្តុះបណ្តាល ជាក់ស្តែងលើការស្រាវជ្រាវ ការធ្វើផែនទីកំណត់សម្គាល់ និងការរៀបចំគោលនយោបាយ ។
មជ្ឈមណ្ឌលឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋដំបូងរបស់កម្ពុជា នឹងបង្កើតឡើងនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ខាងក្រោយសារមន្ទីរជាតិ រាជធានីភ្នំពេញ ដែលនឹងក្លាយជាទីតាំងសម្រាប់សិល្បករ និងអ្នកច្នៃប្រតិដ្ឋ តាមរយៈផ្តល់កន្លែងធ្វើការ ស្ទូឌីយោ បន្ទប់ហាត់សម និងជំនួយផ្សេងៗ ក្នុងការបង្កើតស្នាដៃ , ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃអំពីកម្មសិទ្ធិបញ្ញា , ការចុះបញ្ជីអាជីវកម្ម ពន្ធដារ ហិរញ្ញវត្ថុ និងការស្វែង រកទីផ្សារ , ផ្តល់វគ្គបណ្តុះបណ្តាលលើការគ្រប់គ្រងអាជីវកម្ម , ការអភិវឌ្ឍជំនួញ , ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងការបង្កើតចំណូលជួយបង្កើតបណ្តាញទំនាក់ទំនង កិច្ចសហការ និងការច្នៃប្រតិដ្ឋរួមគ្នារវាងអ្នកក្នុងវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋនៅកម្ពុជា៕









