ស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩ថ្មី ស្ថិតក្នុងសង្កាត់ស្វាយប៉ាក មានសមត្ថភាពរំដោះទឹក៨,៣៤ម៉ែត្រគុប ក្នុង១វិនាទី សម្រេចបាន៩០% គ្រោងបញ្ចប់ការដ្ឋាន ក្នុងខែវិច្ឆិកា
ភ្នំពេញ ៖ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩ថ្មី ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សី ដែលមានសមត្ថភាព បូមរំដោះទឹកបាន៨,៣៤ម៉ែត្រគុប ក្នុង១វិនាទី។

ស្ថានីយបូមទឹកគីឡូលេខ៩ បានកសាងឡើងដោយសម្រេចបាន៩០%ហើយ គ្រោងភ្ជាប់ទុយោជាមួយស្ថាន៍យនៅមុនបុណ្យភ្ជំបិណ្ឌ ដើម្បីបូមទឹកទម្លាក់ចូលទន្លេ និងគ្រោងបញ្ចប់ការដ្ឋានទាំងស្រុង នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។ ស្ថានីយបូមទឹកនេះមាន ម៉ូទ័រ ៤គ្រឿងម៉ូទ័រ មុខកាត់១ម៉ែត្រ កំលាំងបូម ៩០០០ ម៉ែត្រគុប /ម៉ោង មានចំនួន២គ្រឿង។ ម៉ូទ័រ មុខកាត់ ០.៨ម៉ែត្រ កំលាំងបូម ៦០០០ ម៉ែត្រគុប/ម៉ោង មានចំនួន២គ្រឿង សរុបកម្លាំងបូមទឹក ៣០,០០០ម៉ែត្រគុប/ ម៉ោង ឬ ៨,៣៤ ម៉ែត្រគុប/វិនាទី។

លោក គន់ សោភា ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនខណ្ឌឬស្សីកែវ បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ស្ថានីយបូមទឹកគីឡូលេខ៩ មានតួនាទីបូមរំដោះទឹកចេញពីប្រឡាយបាក់ទូក ប្រឡាយអូវែង មកគីឡូម៉ែត្រលេខ៩។ ស្ថានីយបូមទឹកនេះ មិនត្រឹមតែរំដោះទឹក នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវប៉ុណ្ណោះទេ គឺបានរំដោះទឹកចេញខណ្ឌដូនពេញ និងខណ្ឌទួលគោកថែមទៀត។ ក្រៅពីកសាងស្ថានីយបូមទឹកគីឡូលេខ៩ ជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តតាមការចង្អុលបង្ហាញជាប់ជាប្រចាំ របស់លោក ឃួង ស្រេង អាជ្ញាធរខណ្ឌប្ញស្សីកែវ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារប្រឡាយបាក់ទូក និងប្រឡាយអូវែង ថែមទៀត ដើម្បីឱ្យទឹកបានហូរលឿន ឆ្ពោះមកស្ថានីយបូមទឹកគីឡូលេខ៩។

ក្នុងនោះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងដែរថា ការស្តាប្រឡាយបាក់ទូក និងប្រឡាយអូរវែង ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានអនុវត្តរយៈពេល១២២ ថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ជាលទ្ធផលប្រឡាយបាក់ទូក ស្តាបានប្រវែង ៣,៥២០ ម៉ែត្រ និងប្រឡាយអូរវែងស្តាបានប្រវែង ៣,៤៨០ ម៉ែត្រសរុបប្រវែង៧,០០០ ម៉ែត្រ។ ប្រើប្រាស់គ្រឿងចក្រ និងមធ្យោបាយ១១គ្រឿង (រថយន្តបូមដឹកសំណល់ចេញ០៥ គ្រឿង, អ៊ិចស្កាវ៉ាទ័រដៃវែង៣ គ្រឿង, អ៊ិចស្កាវ៉ាទ័រដៃខ្លី ១គ្រឿង, សាឡង់១គ្រឿង។ ប្រឡាយទាំង២នេះ ជួយរំដោះទឹកភ្លៀង ពេលមានភ្លៀងធ្លាក់ខ្លាំង ការពារការលិចលង់ និងជាទីតាំងយុទ្ធសាស្ត្រ ទទួលទឹកហូរធ្លាក់ពី ស្ថានីយ៍បូមទឹកទួលគោក ។

ដោយឡែកលោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ បានឱ្យដឹងថា ខណៈកំពុងប្រឡាយអូវែង ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ឱ្យកសាងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថែមទៀត វានឹងធ្វើឱ្យសង្កាត់គីឡូម៉ែត្រលេខ៦ លែងប្រឈមមុខនិងការលិចលង់ ដោយជំនន់ទឹកភ្លៀងទៀតហើយ។ ជាមួយគ្នានោះ លោកចៅសង្កាត់ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសការលិចលង់៕
















