អ្នកនាំពាក្យក្រសួងការងារ អំពាវនាវ យ៉ាងទទូច ដល់ប្រជាពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែនខុស ដោយច្បាប់ទៅធ្វើការងារនៅថៃ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែន ដោយប្រថុយប្រថាន និងខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ខណៈដែលឱកាសការងារនៅក្នុងស្រុកសល់ប្រមាណជាង ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដែលជាអ្នកកំពុងស្វែងរកការងារ។

លោក ស៊ុន មេសា បានមានប្រសាសន៍ថា ការឆ្លងដែនដោយខុសច្បាប់មិនត្រឹមតែជាការបំពានច្បាប់នៃប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងហានិភ័យជាច្រើន រួមមានការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការមិនទទួលបានការការពារតាមផ្លូវច្បាប់ និងអាចប្រឈមនឹងការចាប់ខ្លួន ឬបញ្ជូនត្រឡប់មកប្រទេសវិញ។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានខិតខំប្រមូល និងបង្កើតឱកាសការងារជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។

អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ទាញយកឱកាសការងារនៅក្នុងស្រុកតាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧ ដែលបច្ចុប្បន្នមានជាង ៩ម៉ឺនកន្លែង នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។ លោកបញ្ជាក់ថា ការបំពេញការងារនៅក្នុងប្រទេស មិនត្រឹមតែផ្តល់ប្រាក់ចំណូលសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនា ឬការអូសទាញពីមេខ្យល់ ដែលសន្យាផ្តល់ការងារដោយខុសច្បាប់ ព្រោះអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ សេរីភាព និងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។

អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា ក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារនៅក្នុងស្រុក និងលើកកម្ពស់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់ សំដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់៕










