ក្រសួងការងារដោះស្រាយ កង្វល់កម្មកររោងចក្រ ជេ អេស ដោយជោគជ័យ និងឆាប់រហ័ស ដោយកម្មករចូលធ្វើការ ធម្មតាវិញនៅថ្ងៃស្អែក
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយដោយជោគជ័យ និងឆាប់រហ័សនូវកង្វល់របស់បងប្អូនកម្មករនិយោជិតនៅរោងចក្រ ជេ អេស(JS Leather Collection Phnom Penh Co., Ltd. ) ដោយភាគីទាំងអស់បានឈានដល់កិច្ចព្រមព្រៀងរួម ហើយកម្មករនិយោជិតនឹងចូលបម្រើការងារវិញជាធម្មតា ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ស្អែកនេះ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា ក្រសួងបានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចុះអន្តរាគមន៍ភ្លាមៗ ដោយសម្របសម្រួលរវាងតំណាងក្រុមហ៊ុន តំណាងកម្មករនិយោជិត សហជីព និងអាជ្ញាធរពាក់ព័ន្ធ រហូតឈានដល់ការឯកភាពបញ្ចប់វិវាទដោយសន្តិវិធី។

តាមកិច្ចព្រមព្រៀង ភាគីក្រុមហ៊ុនបានឯកភាពកែលម្អការគ្រប់គ្រង និងបរិយាកាសការងារ ផ្លាស់ប្តូរទីតាំងម៉ាស៊ីនដែលបង្កផលប៉ះពាល់ដល់កម្មករនិយោជិត ធានាមិនរើសអើងសហជីព និងតំណាងកម្មករ និងអនុវត្តច្បាប់ការងារ និងបទបញ្ជាផ្ទៃក្នុងឱ្យបានត្រឹមត្រូវ។ ចំណែកកម្មករនិយោជិតបានឯកភាពបញ្ចប់វិវាទ និងចូលបម្រើការងារវិញជាធម្មតា ដោយបញ្ហាដែលអាចកើតមាននាពេលអនាគត នឹងត្រូវដោះស្រាយតាមរយៈការសន្ទនា និងនីតិវិធីសន្តិវិធី។

លោក ស៊ុន មេសា បានមានប្រសាសន៍ថា៖«ក្តីកង្វល់របស់បងប្អូនកម្មករនិយោជិត គឺជាក្តីកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រមុខរាជរដ្ឋាភិបាលដូចនេះ នៅពេលបងប្អូនមានបញ្ហា ក្រសួងមិនរង់ចាំទេ គឺចុះអន្តរាគមន៍ភ្លាម ស្តាប់គ្រប់ភាគី និងស្វែងរកដំណោះស្រាយដែលមានតុល្យភាព ស្របតាមច្បាប់ ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិត និងរក្សានិរន្តរភាពអាជីវកម្មរបស់សហគ្រាស។ ការដែលបងប្អូនកម្មករចូលធ្វើការវិញជាធម្មតា គឺជាលទ្ធផលជាក់ស្តែងនៃការសន្ទនា ការយោគយល់ និងការទទួលខុសត្រូវរួមរបស់គ្រប់ភាគី»។
លោកបានបន្ថែមថា ដំណោះស្រាយដ៏លឿនរហ័សនេះ បង្ហាញពីប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងាររបស់ក្រសួង ដែលផ្តល់អាទិភាពដល់ការសន្ទនា ការគោរពច្បាប់ និងការរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីធានាទាំងសិទ្ធិកម្មករនិយោជិត និងទំនុកចិត្តរបស់វិនិយោគិននៅកម្ពុជា៕










