Feature

ក្រោយជួបសួរសុខទុក្ខ ពលរដ្ឋភៀសសឹកកម្ពុជា នៅខេត្តព្រះវិហារ ទូតចិន ពោលថា «ភាពលំបាក ជារឿងបណ្តោះអាសន្នបណ្ណោះ»

ភ្នំពេញ៖ ក្រោយពេលបានចុះជួបសួរសុខទុក្ខ ជនភៀសសឹកកម្ពុជា ជាលើកទី២ ក្នុងខេត្តព្រះវិហារ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានពោលពាក្យថា «ភាពលំបាក ជារឿងបណ្តោះអាសន្នបណ្ណោះ»។ ក្នុងឱកាសចុះជួបសួរសុខទុក្ខជនភៀសសឹកនេះ លោក ឯកអគ្គរដ្ឋួទូតចិនរូបនេះ ក៏បានប្រកាសបន្តផ្តល់ការគាំទ្រ និងជំនួយតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីកែលម្អលក្ខខណ្ឌរស់នៅ របស់ជនភៀសសឹករហូតដល់ អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ។

តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានបង្ហាញជំនឿជឿជាក់ថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននិង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងនិន្នាការអភិវឌ្ឍវិជ្ជមាន ដូចក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមក ហើយសម្រេចបានសមិទ្ធផលថ្មីៗ កាន់តែធំធេងជាបន្តបន្ទាប់ នៅលើផ្លូវកសាងជាតិរបស់ខ្លួន។

លោក សង្កត់ធ្ងន់ថា «ចិននិងកម្ពុជា គឺជាមិត្តដែកថែប ដែលរួមសុខរួមទុក្ខជាមួយគ្នា។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍសមស្របនឹងស្ថានភាពជាតិរបស់ខ្លួន ហើយនឹងនៅតែជាបងប្អូននិងដៃគូដែលអាចទុកចិត្តបាន ក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា»៕

To Top