អាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ រួមគ្នាហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយប្រជាពលរដ្ឋយ៉ាងផុសផុល ចូលរួមហាត់កីឡាបែប Functional Training យ៉ាងសកម្ម។
សកម្មភាពនេះបានប្រព្រឹត្តទៅ ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល រវាងកម្លាំងអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ។
ការហាត់កីឡា Functional Training នេះ មិនត្រឹមតែជួយពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងសហគមន៍ផងដែរ។ តាមរយៈការហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹងខ្ពស់ អំពីសារៈសំខាន់នៃសុខភាព និងការចូលរួមចំណែកក្នុងការកសាងសង្គមមួយ ដែលមានសុខភាពល្អ និងរឹងមាំ។
សកម្មភាពបែបនេះនឹងបន្តរៀបចំឡើង ជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាព ឱ្យបានល្អប្រសើរ។ ដូច្នេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមហាត់កីឡាដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំជានិច្ច៕




























