CMAC និង IMCCD រួមគ្នាបោសសម្អាតមីនតោន តាមសហគមន៍
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង លោក Takayama Ryoji ប្រធានអង្គការIMCCDរបស់ជប៉ុន បានរួមគ្នាប្តេជ្ញាបោសសម្អាតមីនតោន តាមសហគមន៍របស់ប្រទេសកម្ពុជា ។

ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូលើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ជាមួយលោក Takayama Ryoji នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ហេង រតនា បានលើកឡើងថា គម្រោងនេះត្រូវអនុវត្តរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧ ។

លោកបន្តថា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាគោលដៅ នៃគម្រោងបោសសម្អាតមីនតោនតាមសហគមន៍ គឺបានប្រែក្លាយពីទឹកដី អតីតសមរភូមិសម្បូរដោយគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ទៅជាឃុំមានផលិតផលសម្រេចពីដំណាំកសិកម្មល្បីល្បាញជាប់លេខ១-លេខ២ នាំចេញទៅបារាំង និងអង់គ្លេស ។ ក្នុងនោះក៏បាននាំចេញទៅទីផ្សារនៅជប៉ុន យ៉ាងទូលំទូលាយផងដែរ ។

បើតាមលោកហេង រតនា គឺលោកបានដឹកនាំអនុវត្តន៍គម្រោងនៅឃុំតាសែននេះ នៅដើមឆ្នាំ២០០២ ដែលកាលនោះ ឃុំតាសែនគ្មានសាលារៀន ខ្វះខាតគ្រប់សព្វ សម្បូរតែគ្រាប់មីនច្រើនជាងគេ ។ លោកបានរំលឹកថា កម្លាំង CMAC បានពលីនៅឃុំតាសែនចំនួន៧រូប ក្នុងពេលបោសសម្អាតគ្រាប់មីន ។

ជាមួយគ្នានេះ អគ្គនាយកបានរំលឹកទៀតថា លោកបានសហការជាមួយអង្គការJMAS ក្រុមហ៊ុន Komatsu និងក្រុមហ៊ុនHitachi រួមគ្នាកសាងសាលារៀន អភិវឌ្ឍន៍ផ្លូវជនបទ ជីកស្រះទឹកខ្នាតធំ ជាពិសេសក្នុងអាណត្តិទី២និងទី៣ រាជរដ្ឋាភិបាលបានជំរុញ ការវិនិយោគអភិវឌ្ឍន៍តំបន់ព្រំដែនកម្ពុជា-សៀម យ៉ាងខ្លាំងក្លា និងឆាប់រហ័ស រហូតអ្នករស់នៅតំបន់ព្រំដែនកម្ពុជា-សៀម មានជីវភាពល្អប្រសើរជាងតំបន់ខ្លះ ក្នុងផ្ទៃប្រទេស៕









