លោក ឃួង ស្រេង ស្នើអង្គការយូណេស្កូ ធ្វើរបាយការណ៍ ពីការខូចខាតប្រាសាទព្រះវិហារ ដើម្បីឱ្យពិភពលោកបានឃើញ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារ យ៉ាងធ្ងន់ធ្ងរ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃ ឈ្លានពានទឹកដីកម្ពុជា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ដើម្បីការពារប្រាសាទ និងដើម្បីឱ្យពិភពលោក បានឃើញពីការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា។

ការស្នើរបស់លោក ឃួង ស្រេង ខាងលើនេះធ្វើឡើង ក្នុងជំនួបសម្តែងការគួរសម ជាលោក ផ្លាវីយ៉ូ បូណែតទី (Mr. Flavio Bonetti) តំណាងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងថា នៅពេលសង្រ្គាមឈ្លានពានរបស់ថៃ បានកើតឡើង កងទ័ពថៃបានទំលាក់ងគ្រាប់បែក បំផ្លិចបំផ្លាញប្រាសាទនៅតាមព្រំដែន ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម ហើយធ្វើឱ្យខ្ទេចខ្ទាំខ្លាំងជាងគេនោះ គឺប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ប្រាសាទព្រះវិហារ មិនមែនត្រឹមជាសម្បត្តិបេតិកភណ្ឌ សម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ របស់ពិភពលោក។ ដូច្នេះជាសំណូមពរ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឱ្យតំណាងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខ្ទេចខ្ទាំប្រាសាទព្រះវិហារ ដោយការទំលាក់គ្រាប់ ពីសំណាក់កងទ័ពថៃ ឈ្លានពានទឹកដីកម្ពុជា។
ជាការឆ្លើយតប លោក ផ្លាវីយ៉ូ បូណែតទី បានបញ្ជាក់ថាកាលពីខែមីនាកន្លងទៅនេះ លោកនិងក្រុមការងារបានចុះទៅដល់ប្រាសាទព្រះវិហារ ដោយបានឱ្យក្រុមការងារពិនិត្យ និងវាយតម្លៃ ផលប៉ះពាល់តួប្រាសាទ និងសិក្សាគម្រោងជួសជុលប្រាសាទព្រះវិហារឡើងវិញ ដើម្បីគៀងគរជំនួយ សម្រាប់ការជួសជុលនេះ។ លោកបានបន្តថា មិនត្រឹមគិតគូរតែការថែទាំ និងជួសជុល ប្រាសាទឡើងវិញប៉ុណ្ណោះទេ តែអ្វីដែលសំខាន់មួយទៀតនោះ គឺត្រូវធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋជាជនភៀសសឹក មានសុខភាពល្អ ការរស់នៅក្នុងជីវភាពសមរម្យ និងពិសេសបានឆាប់ត្រឡប់ មកលំនៅដ្ឋានរបស់ពួកគាត់វិញ។

លោក ផ្លាវីយ៉ូ បូណែតទី បានបន្តថា អង្គការយូណេស្កូកំពុងបំពេញបេសកកម្ម ក្នុងក្របខណ្ឌច្បាប់អន្តរជាតិ នឹងបន្តការងារយ៉ាងសកម្មដើម្បីគាំទ្រកម្ពុជា ក្នុងការថែរក្សាបេតិកភណ្ឌ ដោយរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា មានសម្បត្តិ បេតិកភណ្ឌយ៉ាងសំបូរបែប ទៅតាមផែនការ និងកញ្ចប់ថវិការបស់ខ្លួនដែលមាន៕
