Feature

ទេសរដ្ឋមន្ត្រី លី ធុជ ៖ ជម្រះអតីតកាល ការពារអនាគត ពីវាលមីន ឆ្ពោះទៅកាន់វាលសន្តិភាព និងការអភិវឌ្ឍ

រតនគិរី ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ បន្តរួមគ្នាអនុវត្តនូវស្មារតី «ជម្រះអតីតកាល ការពារអនាគត» ពីវាលមីន ឆ្ពោះទៅកាន់វាលសន្តិភាព និងការអភិវឌ្ឍ។

ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងកិច្ចប្រជុំជាមួយពាក់ព័ន្ធក្នុងខេត្តរតនគិរី ស្តីពីការផ្សារភ្ជាប់សកម្មភាពមីន ជាមួយការអភិវឌ្ឍ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តរតនគិរី។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរដល់រដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំប្រែក្លាយសក្តានុពលធម្មជាតិ និងភាពសម្បូរបែបរបស់ខេត្ត ទៅជាកម្លាំងជំរុញការអភិវឌ្ឍ ធ្វើឱ្យមុខមាត់ខេត្តកាន់តែមានភាពរីកចម្រើន និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

លោក បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានកសាងខេត្តឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពាក់ព័ន្ធនឹងបេសកកម្មសកម្មភាពមីននៅកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ បន្តរួមគ្នាអនុវត្តនូវស្មារតី «ជម្រះអតីតកាល ការពារអនាគត» ដោយបន្តស្វែងរក និងកម្ចាត់គ្រោះថ្នាក់ដែលលាក់បំបាំង មុនពេលគ្រោះថ្នាក់ទាំងនោះបង្កផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងប្រែក្លាយចម្ការមីន ទៅជាវាលសន្តិភាព វាលស្រែប្រកបដោយសុវត្ថិភាព ជាប្រភពនៃក្តីសង្ឃឹម និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់បន្ថែមថា សកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់គោលដៅច្បាស់លាស់តាមរយៈ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» ដើម្បីឆ្ពោះទៅកាន់កម្ពុជាគ្មានផលប៉ះពាល់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ ត្រូវបានទុកចោលឡើយ»៕

To Top