សម្តេចធិបតី អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារ សាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ
សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) បានចាប់ផ្ដើមក្នុងចំណោមប្រទេស សមាជិកអាស៊ានតាំងពីឆ្នាំ១៩៨០ ក្នុងសន្និសីទស្ដីពីការកែទម្រង់ ក្នុងវិស័យមុខងារសាធារណៈ។ ស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៨១ ក្រោមឈ្មោះដើមថា «ASEAN Conference on Civil Service Matters (ACCSM)»។

ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី១៨ នៅខែតុលា ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន អង្គប្រជុំបានស្នើសុំប្តូរឈ្មោះ និងសម្រេចប្តូរឈ្មោះទៅជា «ASEAN Cooperation on Civil Service Matters (ACCSM)» ជាផ្លូវការដោយប្រមុខមុខងារ សាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥៕










