ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការកែទម្រង់រដ្ឋបាល សាធារណៈ ជាស្នូលប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូល នៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រទេសកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់ សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា នៅកម្ពុជាការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយ នៅក្នុងចំណោមការកែ ទម្រង់សំខាន់ៗចំនួន៥ ។

សម្តេចធិបតីបន្តថា វិស័យទាំង៥នោះរួមមាន ៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ , ការកែទម្រង់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ , ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ , ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ច្បាប់ ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ការកែទម្រង់ លើវិស័យសំខាន់ៗទាំងនេះ សុទ្ធសឹងតែមានសារៈសំខាន់ សម្រាប់ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

សម្តេចធិបតីបញ្ជាក់ថា “ការកែទម្រង់ទាំងនេះ បាននាំមកនូវវឌ្ឍនភាពជាក់ស្តែង គួរឱ្យកត់សម្គាល់ តាមរយៈការលើកកម្ពស់គុណភាព នៃការជ្រើសរើសមន្រ្តីរាជការ ការពង្រឹងសមិទ្ធកម្មស្ថាប័ននិងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងកសាងប្រព័ន្ធលើកទឹកចិត្តផ្នែកលើសមិទ្ធកម្ម ដែលកាន់តែមានប្រសិទ្ធភាព” ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាព នៃដំណើរជាប្រវត្តិសាស្រ្ដរបស់កម្ពុជា ក្នុងការស្ដារឡើងវិញ នូវការកសាងជាតិ និងការកសាងសន្ដិភាព៕

To Top