សម្តេចធិបតី៖ គ្មានថ្នាលឌីជីថលណាមួយ អាចជំនួសមនុស្សបាន នូវក្រមសិល្បធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ ដ៏ពិតប្រាកដ នៃជំនឿទុកចិត្ត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គ្មានថ្នាលឌីជីថលណាមួយ អាចជំនួសមនុស្សបាន នូវក្រមសិល្បធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះដ៏ពិតប្រាកដ នៃជំនឿទុកចិត្ត ពីសាធារណៈជនបានឡើយ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារ សាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង» នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី យល់ឃើញថា នវានុវត្តន៍ ត្រូវឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ មានចំណុចចាប់ផ្តើម និងកម្រិតនៃការអភិវឌ្ឍខុសគ្នា គោលដៅរបស់យើងគឺត្រូវកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗ អាចទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ហាសិប្បនិម្មិត Ai ក្នុងល្បើនមួយដែលសមស្របនិងប្រកបដោយចីរភាព ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ទោះបីបច្ចេកវិទ្យាមានភាពទំនើប ជឿនលឿនកម្រិតណាក៏ដោយ ក៏មិនអាចដំណើរការ ឬអភិវឌ្ឍន៍ដោយខ្លួនឯងបានឡើយ បើគ្មានកត្តាមនុស្ស ក្នុងន័យនេះ ការទទួលយកបច្ចេកវិទ្យាឌីជីថល ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការវិនិយោគបន្តបន្ទាប់ លើមូលធនមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការពង្រឹងសុច្ចរឹតភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “នវានុវត្តន៍ ពិតប្រាកដក្នុងអភិបាលកិច្ច ត្រូវពឹងផ្អែកលើកការពង្រឹងស្ថាប័ន និងមូលធនមនុស្ស ជាជាងការពឹងផ្អែកទៅលើឧបករណ៍ឌីជីថលតែមួយមុខ ព្រោះថាកិច្ចការងារនេះ ទាមទារឱ្យមានសុក្រឹត្យភាព ហើយគ្មានថ្នាលឌីជីថលណាមួយ អាចជំនួសមនុស្សបាន នូវក្រមសិល្បធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះដ៏ពិតប្រាកដ នៃជំនឿទុកចិត្តពីសាធារណៈជនបានឡើយ” ។
សូមរំលឹកថា កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) បានចាប់ផ្ដើមក្នុងចំណោម ប្រទេសសមាជិកអាស៊ាន តាំងពីឆ្នាំ១៩៨០ ក្នុងសន្និសីទស្ដីពីការកែទម្រង់ ក្នុងវិស័យមុខងារសាធារណៈ។ ស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវកា រក្នុងឆ្នាំ១៩៨១ ក្រោមឈ្មោះដើមថា «ASEAN Conference on Civil Service Matters (ACCSM)»។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី១៨ នៅខែតុលា ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន អង្គប្រជុំបានស្នើសុំប្តូរឈ្មោះ និងសម្រេចប្តូរឈ្មោះទៅជា «ASEAN Cooperation on Civil Service Matters (ACCSM)» ជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥៕









