Feature

ក្រសួងសាធារណការ អំពាវនាវពលរដ្ឋបើកបរប្រុងប្រយ័ត្ន ខណៈគ្រោះថ្នាក់ចរាចរណ៍ច្រើន និងមានកម្រិតធ្ងន់

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការបើកបរនៅតាមដងផ្លូវ។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់នគរបាលចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន និងមានកម្រិតធ្ងន់ បណ្តាលមានករណីស្លាប់, របួសធ្ងន់-ស្រាល និងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទាល់ខ្លួនជាច្រើន ជារៀងរាល់ថ្ងៃ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តែងចុះអប់រំណែនាំប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវពីសុវត្ថិភាពចរាចរណ៍ និងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៥ បានស្តែងឲ្យឃើញមូលហេតុឲ្យកើតមានគ្រោះថ្នាក់ រួមមាន៖ បើកបរលើសល្បឿនកំណត់ ៤៩%, មិនគោរពសិទ្ធិអាទិភាព ២១%, បើកបរមិនប្រកាន់ស្តាំ ១១%, ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៧%, បត់មិនប្រុងប្រយ័ត្ន ៤%, បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៤%, ល្មើសសញ្ញាចរាចរណ៍ ២%, កត្តាយាន ១% និងងងុយ ១%៕

To Top