ព័ត៌មានជាតិ

សម្តេចធិបតី ៖ បញ្ហាប្រឈមជាសកល មិនអាចដោះស្រាយបាន ដោយប្រទេសមួយតែឯងៗឡើយ ចាំបាច់ត្រូវពង្រឹង កិច្ចសហការឆ្លងដែន ក្នុងសហគមន៍អាស៊ាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាប្រឈមជាសកល មិនអាចដោះស្រាយបាន ដោយប្រទេសណាមួយតែឯងៗនោះឡើយ ពោលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅក្នុងសហគមន៍អាស៊ាន ឱ្យកាន់តែស្អិតរមួត ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង» នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនមួយចំនួន ដែលសម្តេចជឿជាក់ថា អាចរួមចំណែកដល់ការតម្រង់ទិស ដល់តួនាទីអ្នកនវានុវត្តន៍ ក្នុងវិស័យមុខងារសាធារណៈ ដោយក្នុងនោះ នវានុវត្តន៍ ត្រូវតែពឹងផ្អែកលើការកសាងភាពធន់រួម នៅក្នុងតំបន់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “បញ្ហាប្រឈមជាសកល មិនអាចដោះស្រាយបាន ដោយប្រទេសណាមួយតែឯងៗនោះឡើយ ពោលគឺយើងចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅក្នុងសហគមន៍អាស៊ាន ឱ្យកាន់តែស្អិតរមួត” ។

ជាមួយគ្នានេះ សម្តេចធិបតី យល់ថា នវានុវត្តន៍ មិនគួរផ្តោតទៅលើតែការបង្កើនប្រសិទ្ធភាពផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែពង្រីកដល់ការចែករំលែកចំណេះដឹង ការជួយគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលគ្នាផងដែរ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងស្មារតីនេះ កិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យមុខងារសាធារណៈ ត្រូវបន្តផ្តល់ជាវេទិកាដ៏សំខាន់ សម្រាប់ការសិក្សារៀនសូត្រ ពីគ្នាទៅវិញទៅមក ដោយផ្តល់លទ្ធភាពដល់ប្រទេសជាសមាជិក ក្នុងការពង្រឹងកិច្ចសហការ សម្របសម្រួលគោលនយោបាយ និងការកសាងសមត្ថភាពរួម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម របស់យើងបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

To Top