សម្តេចធិបតី ៖ នវានុវត្តន៍ ត្រូវប្រកាន់យកអភិក្រម ដែលយកប្រជាជនជាស្នូល
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា នវានុវត្តន៍ត្រូវប្រកាន់យកអភិក្រម ដែលយកប្រជាជនជាស្នូល ដោយមិនត្រូវផ្តោត តែទៅលើបរិវត្តកម្មឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្លើយតបឱ្យបានពិតប្រាកដ ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពី កិច្ចការមុខងារសាធារណៈក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវា សាធារណៈឱ្យកាន់តែប្រសើរឡើង” នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦សម្តេចធិបតី មានប្រសាសន៍ថា សេវាសាធារណៈត្រូវផ្អែកលើលទ្ធផលជាក់ស្តែងដែលនឹងត្រូវផ្តល់ជូនប្រកបដោយភាពងាយស្រួល សមធម៌ និងបរិយាប័ន្នដោយមិនទុកអ្នកណាម្នាក់ចោលនោះទេ ទាំងនៅកម្រិតជាតិនិងតំបន់ ដោយត្រូវផ្តល់អាទិភាព ដល់ចក្ខុវិស័យរយៈពេលវែងជាជាងភាពងាយស្រួលក្នុងរយៈពេលខ្លី ដោយត្រូវកសាងជំនឿទុកចិត្តពីសាធារណជន តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវដោយយកផលប្រយោជន៍ប្រជាជនជាធំ ។
សម្តេចធិបតីមានប្រសាសន៍ទៀតថា នវានុវត្តន៍ក៏ត្រូវឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដោយសាររដ្ឋជាសមាជិកអាស៊ាននីមួយៗមានចំណុចចាប់ផ្តើម និងកម្រិតនៃការអនុវត្តគោលដៅខុសៗគ្នា ដោយត្រូវកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗ អាចទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិតAI មួយសមស្រប និងប្រកបដោយចីរភាព។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា នវានុវត្តន៍ពិតប្រាកដក្នុងអភិបាលកិច្ចត្រូវពឹងផ្អែកលើការពង្រឹងស្ថាប័ន និងមូលធនមនុស្សជៀសជាងការពឹងផ្អែកទៅលើឧបករណ៍ឌីជីថលតែមួយមុខ ព្រោះកិច្ចការងារនេះ ទាមទារឱ្យមានសុក្រឹត្យភាព ៕









