Feature

រដ្ឋមន្រ្តីយុត្តិធម៌ ៖ រាជរដ្ឋាភិបាល កំណត់យកគោលការណ៍ “គុណាធិបតេយ្យ” ជ្រើសរើសមន្ត្រីរាជការ

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” ជាគោលការណ៍មួយដ៏សំខាន់ក្នុងការជ្រើសរើសមន្ត្រីរាជការ ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកបវេសនកាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ ជំនាន់ទី២ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក កើត រិទ្ធ បានគូសរំលេច ជូនដល់និស្សិតជ័យលាភីទាំងអស់ និងអង្គពិធីទាំងមូលអំពីគោល នយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងមូលធនមនុស្ស ដោយរាជរដ្ឋាភិបាល បានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” ជាគោលការណ៍មួយដ៏សំខាន់ ក្នុងការជ្រើសរើសមន្ត្រីរាជការ និងការតែងតាំងឱ្យកាន់មុខតំណែងទទួលខុសត្រូវនានា នៅតាមក្រសួង-ស្ថាប័ននានា។

លោកបន្តថា ក្រសួងយុត្តិធម៌ ក៏បានកំណត់យក “ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យយុត្តិធម៌” និង “ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ” ជាការងារអាទិភាពរបស់ខ្លួន។ ទន្ទឹមនេះ, ក្រសួងយុត្តិធម៌ ក៏បានបន្តប្រកាន់ខ្ជាប់នូវពាក្យស្លោក “អ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព” ផងដែរ។

ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និសិ្សតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ ជំនាន់ទី២ ឱ្យខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្រេបយកចំណេះដឹង ទាំងក្នុងក្របខ័ណ្ឌផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌផ្នែកអនុវត្តជាក់ស្តែង និងទាំងលើការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើមុខវិជ្ជាវិធីសាស្ត្រគតិយុត្ត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់អ្នកច្បាប់ក្នុងការរៀបចំតាក់តែងឯកសារ ការវិភាគ និងដោះស្រាយសំណុំរឿង៕

To Top