រដ្ឋមន្ត្រី ហួត ហាក់ ៖ ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ ក្នុងការប្រែក្លាយបញ្ហាប្រឈម ទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ ។

ការគូសបញ្ជាក់ របស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារ ផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏មានសារៈសំខាន់ ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពរ របស់វិស័យឯកជន និងកំណត់វិធានការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ និងទាន់សភាពការណ៍ ជាពិសេសក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃភ្ញៀវទេសចរអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលរងឥទ្ធិពលពីកត្តា ប្រឈមជាច្រើន រួមមានព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ដូចជាភាពតានតឹង និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យថ្លៃ ប្រេងឥន្ធនៈកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរអន្តរជាតិ។

ស្ថិតក្នុងបរិបទប្រឈមខាងលើ,លោក ហួត ហាក់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញ នូវវិធានការ អន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រវិស័យឯកជន។ ជាមួយគ្នានេះ ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ ក្នុងការប្រែក្លាយបញ្ហា ប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ ឱ្យមានសន្ទុះឡើងវិញ។

សូមរំលឹកថា កិច្ចប្រជុំខាងលើនេះ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំណាងភាគី រដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលសម្រេចបាននូវលទ្ធផលការងារវិជ្ជមានគួរជាទីកត់សម្គាល់ ដោយវិធានការចំនួន២២ សម្រេចបានពេញលេញទាំងអស់ ដោយវិធានការដែលទើបសម្រេចបានចុងក្រោយ មានចំនួន២វិធានការ៖ (១) ការអភិវឌ្ឍតំបន់ភ្នំគូលែនជាតំបន់ទេសចរណ៍ធម្មជាតិ , (២) ការអភិវឌ្ឍខ្សែក្រវាត់បៃតង ដោយ ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ជាមួយគ្នានេះ, កិច្ចប្រជុំ ក៏បានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជន ដែលមានជាអាទិ៍៖ ការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ទីផ្សារគោលដៅ, មូលនិធិអភិវឌ្ឍន៍ទេសចរណ៍ដើម្បីកសាងម៉ាកសញ្ញា និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ទៅក្រៅប្រទេស (Branding, marketing and promotion)ការតម្លើង កម្រិតព្រឹត្តិការណ៍ជាតិធំៗ ទៅកម្រិតអន្តរជាតិ និង ការផ្សព្វផ្សាយឱ្យបានទូលទំលាយ, ការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុក ឱ្យកាន់តែងាយស្រួលពីគោលដៅទេសចរណ៍១ ទៅ ១ ទៀត, ការបង្កបរិយាកាសអនុគ្រោះបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចក្នុងវិស័យទេសចរណ៍, ព្រមទាំងសំណូមពរផ្សេងៗទៀត។ ទន្ទឹមនេះ, កិច្ចពិភាក្សា ក៏បានផ្តោតលើសំណើក្នុងការជំរុញផ្លូវហោះហើរត្រង់ឱ្យបានច្រើនពីទីផ្សារគោលដៅសំខាន់ៗ ដែលទាមទារឱ្យមានការពិភាក្សាស៊ីជម្រៅរវាងទេសចរណ៍ អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ និង ផ្នែកឯកជន៕












