Feature

ក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ចុះMoU លើការប្រើប្រាស់សេវា e-Payment ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង ធនាគារ អេស៊ីលីដា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើការប្រើប្រាស់សេវា e-Payment ដើម្បីពង្រឹងប្រសិទ្ធភាព សេវាសាធារណៈ និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រវិស័យទេសចរណ៍កម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ តំណាងដោយ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងដោយ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ស្តីពី «ការប្រើប្រាស់សេវាកម្ម របស់ធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទទួលកម្រៃ សេវាពីសេវាសាធារណៈតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment)»។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ភាពងាយស្រួល និងទំនើបកម្មនៃការផ្តល់សេវាសាធារណៈ របស់ក្រសួងទេសចរណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺជាផ្លែផ្កាបន្តពីជំនួបពិភាក្សាលើកទី១ រវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ និងជាជំហានថ្មីមួយក្នុងការពង្រីកកិច្ច សហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផល និងការរួមចំណែករបស់ធនាគារ អេស៊ីលីដា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងការចូលរួមគាំទ្រ ដល់វិស័យទេសចរណ៍កន្លងមក តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍បុណ្យទន្លេ និងបុណ្យសមុទ្រ ព្រមទាំងកម្មវិធីទេសចរណ៍នានាផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាទីបញ្ចប់ នៃកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ ដើម្បីពង្រីកភាពជាដៃគូរវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ឱ្យកាន់តែទូលំទូលាយ ដោយប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលរបស់វិស័យឯកជន ចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពធន់ ភាពប្រកួតប្រជែង និងចីរភាព»។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យធនាគារ អេស៊ីលីដា បន្តចូលរួមគាំទ្រ ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលកម្ពុជា គ្រោងរៀបចំនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និង «ភូមិហ្រ្វង់កូហ្វូនី» ដែលនឹងក្លាយជាវេទិកា ដ៏សំខាន់មួយ សម្រាប់ផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ ​ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារ ផលិតផលខ្មែរ និងអត្តសញ្ញាណជាតិទៅកាន់ភ្ញៀវអន្តរជាតិ៕

To Top