ព័ត៌មានជាតិ

សម្តេចធិបតី ៖ កិច្ចប្រជុំ ACCSM – ACCSM+3 ត្រូវបន្តដើរតួនាទីសំខាន់សម្រាប់អាស៊ាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រី​ លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ត្រូវបន្តដើរតួនាទីសកម្ម ក្នុងការប្រែក្លាយសេចក្តីថ្លែងការណ៍ និងផែនការងារទៅជាលទ្ធផល ជាក់ស្តែងសម្រាប់ប្រទេស ជាសមាជិកអាស៊ាន។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារ សាធារណៈក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កិច្ចប្រជុំនេះ ក៏លើកកម្ពស់ គណនេយ្យភាពរួមគ្នា ក្នុងការសម្រេចបាន នូវលទ្ធផល ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន ។

សម្តេចធិបតីបន្តថា ជាមួយនឹងការសម្លឹង ខ្ពស់ទៅអនាគតដ៏វែងឆ្ងាយ ត្រូវប្រកាន់ខ្ជាប់នូវចក្ខុវិស័យរួម សម្រាប់អនាគត នៃស្ថាប័នសាធារណៈ ។ ក្នុងនោះត្រុវរួបរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើកកម្ពស់វប្បធម៌ នៃនវានុវត្តន៍ និងឧត្តមភាព ព្រមទាំងជំរុញការកសាងមុខងារសាធារណៈ ដែលមានភាពបត់បែន ភាពធន់ មានការត្រៀមខ្លួនជាស្រេច សម្រាប់អនាគត និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតីបង្ហាញក្តីសង្ឃឹមថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ រយៈពេល២ថ្ងៃ នៅលើទឹកដីសៀមរាបនេះ នឹងរួមចំណែកឱ្យមានការយល់ដឹង ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ជំរុញការចែករំលែកបទពិសោធន៍និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមុខងារសាធារណៈឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

To Top