លោក គន់ គីម ៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំផែនការ បញ្ជៀសហានិភ័យ គ្រោះមហន្តរាយ
ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវរៀបចំផែនការសកម្មភាព ការងារ និងការត្រៀមបម្រុងឱ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យ គ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាធម្មជាតិនានា។
ការណែនាំរបស់លោក គន់ គីមនេះ ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ លើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងខែកក្កដា និងទិសដៅសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក គន់ គីម ថ្លែងថា អាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រសិនបើមានគ្រោះមហន្តរាយធម្មជាតិណាមួយកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ លោក គន់ គីម បានស្នើឱ្យមានការចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជាកងប្រតិបត្តិការរុករក និងសង្គ្រោះ ទៅលើសម្ភារៈ និងឧបករណ៍ប្រើប្រាស់ ដោយសារកងរុករក និងសង្គ្រោះគ្រោះមហន្តរាយនេះជាកងកម្លាំងមានជំនាញ ក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ ៕










