វិទ្យាស្ថាន PIKP នៅខេត្តកំពង់ចាម ផ្តល់អាហារូបករណ៍ជិត ១ពាន់កន្លែងលើជំនាញចំនួន១២ ដល់យុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ
កំពង់ចាម ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ៩៥០កន្លែងលើមុខជំនាញចំនួន១២ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យពីរាជរដ្ឋាភិបាល ។

បើយោងតាមវិទ្យាស្ថាន PIKP បានឱ្យដឹងថា ជំនាញទាំង១២ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងារការ៉ូនិងការដំឡើង ដំបូល, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ និងធុរកិច្ចភេសជ្ជៈ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប), និងការថែទាំ និងជួសជុលទោចក្រយានយន្ត ។

ជាមួយគ្នានេះវិទ្យាស្ថានក៏បានបញ្ជាក់ថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ២,១០៥នាក់ ដែលទទួលបានអាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី។ ក្នុងនោះមានក្រុមដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៨៧នាក់ ដែលទទួលបណ្ដុះបណ្ដាលជំនាញ។

បន្ថែមពីលើនេះវិទ្យាសា្ថនគ្រោងនឹងបើកវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៨៥ ៤៤៤ ៦៤៧/ ០៩០ ៤៤៤ ៦៧៤ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) ដែលមានអាស័យដ្ឋាន ផ្លូវជាតិលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕












