Feature

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនកងទ័ពប្រចាំការ នៅតាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ ជាថ្មីម្តងទៀត

ភ្នំពេញ ៖ ក្នុងស្មារតី នៃការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកគ្រឿង ឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភ ប្រគល់ជូនដល់កងទ័ពដែលកំពុងឈរជើង ប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ។

ដំណើរចុះសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះកងទ័ពនៅជួរមុខ ដែលកំពុងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងភាពក្លាហាន ក្នុងការបំពេញបេសកកម្មការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការចាប់ដៃ ការសាកសួរសុខទុក្ខ និងការផ្តល់កម្លាំងចិត្តដោយផ្ទាល់ បានបង្ហាញពីទឹកចិត្តរបស់មេបញ្ជាការ ដែលតែងតែនៅក្បែរកងទ័ព និងរួមចែករំលែកទាំងការលំបាក និងទំនួលខុសត្រូវជាមួយយុទ្ធជនគ្រប់រូប ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានថ្លែងកោតសរសើរ ចំពោះស្មារតីស្នេហាជាតិ ភាពអង់អាចក្លាហាន វិន័យ និងការលះបង់ដ៏ថ្លៃថ្លា របស់កងទ័ព ដែលបានឈរជើងយ៉ាងរឹងមាំ ដើម្បីការពារសន្តិភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ជាតិ ។ ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើឱ្យបងប្អូនកងទ័ពបន្តរក្សាសាមគ្គីភាព ពង្រឹងវិន័យ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តរាល់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូនប្រកបដោយជោគជ័យ ។

ជាមួយនឹងការនាំយកអំណោយ និងថវិកាឧបត្ថម្ភប្រគល់ជូនដល់ដៃកងទ័ពម្នាក់ៗ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ បានបង្ហាញឱ្យឃើញថា កងទ័ពដែលកំពុងបំពេញបេសកកម្មនៅជួរមុខ តែងតែស្ថិតក្នុងការយកចិត្តទុកដាក់ និងការគិតគូររបស់ថ្នាក់ដឹកនាំជានិច្ច។

សកម្មភាពនេះ មិនត្រឹមតែជាការលើកទឹកចិត្តដ៏មានតម្លៃចំពោះកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងស្មារតីសាមគ្គីភាព ទំនុកចិត្ត និងឆន្ទៈមោះមុតរបស់យុទ្ធជនគ្រប់រូប ឱ្យបន្តឈរជើងបំពេញបេសកកម្មការពារជាតិ ដោយស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្សជានិច្ច។

To Top