Feature

អ្នកនាំពាក្យក្រសួងព័ត៌មាន​ ជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មាន ឆ្លើយតបនឹងតម្រូវការពលរដ្ឋ

កំពង់ឆ្នាំង៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានដែលឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃការឆ្លើយតបទៅនឹងសាធារណមតិ​ ក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានតម្លាភាព ។

ការជំរុញបែបនេះបានធ្វើឡើង ក្នុងឱកាសដែលលោកអ្នកនាំពាក្យ ដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ដល់មន្ត្រីរាជការរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីសំណាក់លោក ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ លោកបានបន្តថា ព័ត៌មានដែលត្រូវតាមដាន និងយកចិត្តទុកដាក់ផ្សព្វផ្សាយរួមមាន៖ វិស័យកសិកម្ម សុខាភិបាល បញ្ហាដីធ្លី វិស័យការងារ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្តល់សេវាសាធារណៈ នៅថ្នាក់មូលដ្ឋាន និងវិស័យវប្បធម៌ជាដើម។ ការផ្សព្វផ្សាយត្រូវធ្វើឡើងតាមរូបភាពចម្រុះ និងសំបូរបែប តាមរយៈកិច្ចសម្ភាសន៍​ ជាមួយមន្ត្រីជំនាញជុំវិញខេត្ត ក្នុងកម្មវិធីវិទ្យុ ការផ្សាយតាម បណ្តាញព័ត៌មានផ្លូវការ របស់មន្ទីរព័ត៌មាន និងការផលិតវីដេអូខ្លីៗ សម្រាប់បង្ហោះលើបណ្តាញ Facebook  Telegram និង TikTok។

ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាក្នុងខេត្ត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងសមិទ្ធផលថ្មីៗរបស់ខេត្ត ទៅកាន់សាធារណជនទូទៅ។ ការណ៍នេះ មិនត្រឹមតែជួយបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍មូលដ្ឋាន ឱ្យកាន់តែច្រើនកុះករថែមទៀតផង។

លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា មន្ត្រីព័ត៌មានខេត្តត្រូវដើរតួនាទីជា «ស្ពានតភ្ជាប់» ដ៏មានសារៈសំខាន់ ក្នុងការនាំយកព័ត៌មានពិតពីមូលដ្ឋានមករាយការណ៍ និងឆ្លុះបញ្ចាំងជូនថ្នាក់ជាតិ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយ និងសមិទ្ធផលនានា​ ដែលរាជរដ្ឋាភិបាលសម្រេចបាន ទៅកាន់ប្រជាពលរដ្ឋវិញ។ ការផ្តល់ព័ត៌មានបានទាន់ពេលវេលា និងប្រកបដោយលក្ខណៈបុរ៉េសកម្ម មិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយការរីករាលដាល នៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអាជ្ញាធរ មានសមត្ថកិច្ចអាចក្តាប់បានបញ្ហាប្រឈមនានា និងដោះស្រាយសំណូមពរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានភ្លាមៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ មន្ត្រីព័ត៌មាន ក៏ត្រូវពង្រឹងសមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីធានាថាព័ត៌មានផ្លូវការអាចហូរបានលឿន ទូលំទូលាយ និងចំគោលដៅពិតប្រាកដ។

ជាមួយគ្នានោះ លោក ពេញ យ៉ាត បានគាំយល់ស្របចំពោះការណែនាំ របស់លោកអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយបានជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ការងារផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែសកម្ម ដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ និងគាំទ្រដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុសាសន៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយផ្តោតលើការការពង្រឹងគុណភាពមាតិកា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយសមិទ្ធផលមូលដ្ឋាន ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណជន៕

To Top