ព័ត៌មានជាតិ

មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានា របស់គម្រោងការកសាង​ភូមិសន្តិភាព​ តាមរយៈ​ការ​អភិវឌ្ឍសហគមន៍ជនបទ​ចម្រុះ​ ត្រូវបានសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ ជាផ្លូវការ​​


 បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ គម្រោង​​ការកសាង​ភូមិសន្តិភាព ​​តាមរយៈការ​អភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ​​ បានរៀបចំពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​​មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោង ក្រោមអធិបតីភាព​លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Kim Chang Yong ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា។

កិច្ចចាប់ផ្ដើម លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ដ្រទូទៅ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងផ្ទៃក្នុងខេត្ត និងតាមបណ្តោយព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្ត។

លោកអភិបាលខេត្ត ក៏បានសម្ដែងការសាទរចំពោះសមិទ្ធផលថ្មីៗ ដែលសម្រេចបានតាមសហគមន៍ជនបទ ក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ជាមួយនឹងការប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សា គ្រប់គ្រង និងប្រើប្រាស់សមិទ្ធផលទាំងនេះ ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ជាមួយគ្នានោះ លោក ណម សារឿត តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ភូមិសន្ដិភាពចំនួន ១២ភូមិ នៅក្នុងខេត្តបន្ទាយមានជ័យ រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ, ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព, ការងារបង្កើនប្រាក់ចំណូល, ការងារលើកកម្ពស់សុខភាព អនាម័យ ព្រមទាំងការងារជំរុញអភិបាលកិច្ចល្អផងដែរ។


 
លោក Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍​​​ ដោយបានបញ្ជាក់ជូន​អំពីសារៈសំខាន់នៃការអនុវត្តគម្រោងការកសាងភូមិសន្តិភាព ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​​​​​គុណភាព និង​គុណតម្លៃ​ជីវិត​របស់​​​​ប្រជា​ជននៅតំបន់ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីឱ្យប្រជាជន នៅក្នុងភូមិសន្តិភាពអាចរីករាយ នឹងគុណភាពជីវិតកាន់តែប្រសើរឡើង។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធនោះ លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការទទួលបាននូវសមិទ្ធផល​នានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ​ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសបានសម្តែង​នូវ​អំណរសាទរចំពោះសមិទ្ធផលថ្មីនានាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីសមិទ្ធផល និងការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិតរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ដ្រី ក៏បានបន្ដជម្រាបជូនអំពីយុទ្ធសាស្ដ្រ និងគោលដៅនៃគោលនយោបាយ ស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ ​​“កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកប​ដោយបរិយាបន្ន សមធម៌ និង​ចីរភាព”។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការអភិវឌ្ឍភូមិ និង​សហគមន៍ជនបទ​ចម្រុះប្រកបដោយភាពធន់ និង​​បរិយាបន្ន​នៅតំបន់ជនបទ ​​គឺជាការងារ​អាទិភាពមួយរបស់​ក្រសួងអភិវឌ្ឍន៍ជនបទ​ ក្នុងការ​គាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ ​សហគមន៍ដីសម្បទាន​​សង្គមកិច្ច​​គ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមទៀតថា គម្រោងការកសាងភូមិសន្ដិភាពនេះ ពិតជាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅក្នុងភូមិគោលដៅ រួមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ហើយពិធីសម្ពោធសមិទ្ធផលនាថ្ងៃនេះរួមមាន៖ ​មណ្ឌលសុខភាព​ទំហំ ​១៥មx១៥ម​​, ​បង្គន់បរិយាបន្ន ៣បន្ទប់, កន្លែងលាងដៃ ១កន្លែង, ឡដុតសំរាមនិងកាកសំណល់វេជ្ជសាស្ដ្រ ១កន្លែង, ប្រព័ន្ធចម្រោះទឹកស្អាត ១កន្លែង, ផ្ដល់ធុងស្តុកទឹកចំណុះ​ ១០ ០០០លីត្រ ១ធុង, អណ្តូងស្នប់ ១កន្លែង, មជ្ឈមណ្ឌល​​​សិក្សាសហគមន៍, ស្រះទឹកសហគមន៍, ​​​បណ្ណាល័យនិង​ទីចាត់ការ, ផ្លូវ​បេតុង​អារម៉េ និង​​ស្ថានីយ​​ផលិតទឹក​​ពិសាប៊ីដុង​​ចំណុះ ២០លីត្រ​ផងដែរ។

មុននឹងបញ្ចប់ លោករដ្ឋមន្ដ្រី បានអំពាវនាវដល់គ្រ​ប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស​សាធារណៈ​រដ្ឋកូរ៉េ នៅតែបន្ត​ការ​ចូលរួមយ៉ាងសកម្ម​ និងគាំទ្រដ​ល់​ការងារ​អភិវឌ្ឍន៍សហគមន៍ និង​ចលនាភូមិគំរូ ​​ដើម្បីចូលរួម​ចំណែកកាត់បន្ថយភាពក្រីក្រ ​ស្រប​តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញ​​សម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ​ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”។
 
ជាចុងក្រោយ គណៈអធិបតី បានអញ្ជើញកាត់ខ្សែបូជានិមិត្តរូបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាព និងសមិទ្ធផលនានា ជាមួយនិងការអញ្ជើញទស្សនាស្ដង់ពិព័រណ៍កសិផល និងទស្សនាខាងក្នុងអគារមណ្ឌលសុខភាព ក្រោមបរិយាកាសសោមនស្សរីករាយជាទីបំផុត៕

To Top