លោក ទីវ រ៉ាវុឌ្ឍ ជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ក្នុងឃុំក្បាលត្រាច ចំនួន១០៤នាក់ ត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ
ពោធិ៍សាត់៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ជាប្រធានក្រុមងារចុះជួយឃុំ ក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដើម្បីលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ប្អូនៗ ក្នុងការត្រៀមខ្លួនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ ។

ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ពិនិត្យមេរៀនឡើងវិញ ឱ្យបានទៀងទាត់ រក្សាសុខភាព និងគោរពវិន័យក្នុងពេលប្រឡង ដោយជឿជាក់លើសមត្ថភាពរបស់ខ្លួន និងជៀសវាងការប្រព្រឹត្តអំពើ ដែលផ្ទុយនឹងបទប្បញ្ញត្តិ នៃការប្រឡង ។

លោកក៏បានលើកឡើងថា ការអប់រំ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងជាកត្តាជំរុញការ អភិវឌ្ឍប្រទេសជាតិ ដូច្នេះសូមឱ្យប្អូនៗទាំងអស់ខិតខំប្រឹងប្រែង ដើម្បីសម្រេចបានលទ្ធផលល្អ និងក្លាយជាធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់សង្គមជាតិ ។

លោកបានចំណាយថវិកា ជូនដល់ប្អូនៗក្នុងម្នាក់១០០.០០០៛ សម្រាប់ផ្គត់ផ្គង់ត្រៀមប្រលងផងដែរ។
កម្មវិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការលើកទឹកចិត្ត ដែលបានផ្តល់កម្លាំងចិត្ត និងទំនុកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងការត្រៀមខ្លួនឆ្ពោះ ទៅកាន់ការប្រឡងប្រកបដោយជោគជ័យ។



អត្ថបទនេះដោយ ÷ ខេម៉ា | ដើមអម្ពិល









