Feature

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យជាក់ស្ដែង ទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង នៅព្រំប្រទល់ ខេត្តសៀមរាប និងឭឧត្តរមានជ័យ

សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះ ពិនិត្យជាក់ស្ដែងទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង ដែលបានបាក់ដល់បាតអូរ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ស្ពានដែកបេឡេតិ៍នេះ មានប្រវែង ៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ ត្រូវបានបាក់ធ្លាក់ដល់បាតអូរត្រាច កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយសាររថយន្ដធន់ធំដឹកដំឡូងលើសកម្រិតទម្ងន់កំណត់។ ស្ពាននេះ ស្ថិតនៅលើខ្សែផ្លូវដែលមានលេខកូដ ៦២២ T2 ដែលជាផ្លូវយុទ្ធសាស្ដ្រដ៏សំខាន់ តភ្ជាប់ពីឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ទៅកាន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្ន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើផ្លូវវាងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

តាមរយៈ ការពិនិត្យជាក់សែ្ដង លោករដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សិក្សាលទ្ធភាពបច្ចេកទេស ដើម្បីជួសជុលស្ពានដែកបេឡេតិ៍ជាថ្មី ឱ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ របស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តទាំងពីរ៕

To Top