អភិបាលខេត្តកណ្ដាល ណែនាំមន្ត្រីសុខាភិបាល និងគ្រូពេទ្យ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ។

ការណែនាំរបស់ លោក គួច ចំរើន បន្ទាប់ពីរដ្ឋបាលខេត្តកណ្ដាល បានចេញដីកាសម្រេចបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីផ្តល់ការសង្គ្រោះបឋមដល់អ្នកជំងឺស្រីម្នាក់ មិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ បង្កឱ្យមានការិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋតាមបណ្ដាញសង្គម។

ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក និងប្រធានមណ្ឌលសុខភាពជាច្រើនរូប នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក គួច ចំរើន បានលើកឡើងថា កំណើនសេដ្ឋកិច្ច និងការប្រែប្រួលប្រជាសាស្ត្រ បានធ្វើឱ្យប្រជាពលរដ្ឋមានការរំពឹងទុកកាន់តែខ្ពស់លើគុណភាពសេវាសុខាភិបាល ខណៈប្រព័ន្ធសុខាភិបាលក៏កំពុងប្រឈមនឹងការកើនឡើងនៃជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងតម្រូវការថែទាំមនុស្សវ័យចាស់។

លើសពីនេះ លោក អភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ និងក្រុមគ្រួសារ ស្តាប់កង្វល់ និងឆ្លើយតបរាល់សំណួរ ដោយការយោគយល់ ផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការគោរព ដើម្បីឱ្យអ្នកជំងឺមាន អារម្មណ៍សុវត្ថិភាព និងពេញចិត្តចំពោះសេវាសុខាភិបាល។

លោក អភិបាលខេត្ត បន្ថែមថា មួយវិញទៀតមន្ត្រីសុខាភិបាលដាច់ខាតមិនត្រូវបង្ហាញអាកប្បកិរិយារើសអើង ក្រអឺតក្រទម ឬប្រើប្រាស់តួនាទី និងនីតិវិធីវេជ្ជសាស្ត្រដើម្បីគំរាមកំហែង ឬបង្កការលំបាកដល់អ្នកជំងឺឡើយ ព្រោះការផ្តល់សេវាសុខាភិបាលត្រូវឈរលើគោលការណ៍សមធម៌ សុចរិតភាព និងមនុស្សធម៌៕










