ឪពុករបស់ សាម ម៉ីជូ ប្រគល់សំណងរដ្ឋ ប្បវេណី៦ម៉ឺនដុល្លារ ដល់ប្រពន្ធជនរងគ្រោះ
ភ្នំពេញ ៖ លោកឧកញ៉ា តុង ហុកសេង ដែលត្រូវជាឪពុករបស់នារី សាម ម៉ីជូ ដែលបង្កគ្រោះថ្នាក់ ធ្វើឱ្យមន្រ្តី នៃក្រសួងសាធារណការកាលពីពេលថ្មីៗនេះ បានប្រគល់សំណងរដ្ឋប្បវេណីចំនួន ៦០,០០០ ដុល្លារអាមេរិក ដល់ប្រពន្ធជនរងគ្រោះ ។

ការឯកភាពលើសំណងរដ្ឋប្បវេណី មិនប៉ះពាល់ដល់ដំណើរការ នៃការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។ ដូច្នេះ សំណុំរឿងព្រហ្មទណ្ឌនៅតែបន្តអនុវត្ត តាមនីតិវិធីច្បាប់ជាធរមានដដែល។
សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ស្ត្រីឈ្មោះ សាម ម៉ីជូ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន»កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវលេខ ១០០៣ ក្បែរផ្សារទំនើបអ៊ីអន សែនសុខ (អ៊ីអន២) ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនបង្កឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ ២៧ឆ្នាំ បានបើកបររថយន្តស៊េរីទំនើបម៉ាក AVATR 11 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា V.C.8989 ក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។ បណ្តាលឱ្យអ្នកបើកបរម៉ូតូ ដែលជាមន្ត្រី នៃមន្ទីរពិសោធន៍សំណង់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដួលបោកស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ ជនបង្កបានបើករថយន្តរត់គេចខ្លួនបាត់៕













