អ្នករាយការណ៍ របស់UN ប្រចាំកម្ពុជា ប្រតិកម្មទៅភាគីថៃ ពីស្ថានភាពជនភៀសកម្ពុជា
ភ្នំពេញ ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឆ្លើយតប និងបញ្ចេញប្រតិកម្ម ទៅនឹងរដ្ឋាភិបាលថៃ ពាក់ព័ន្ធសេចក្តីថ្លែងការណ៍ របស់លោកអំពីស្ថាន ភាពជនភៀសសឹកកម្ពុជា ។

កាលពីពេលថ្មីៗនេះ លោក Thomas Andrews បានចុះទៅពិនិត្យស្ថានភាពព្រំដែន ក៏ដូចជាជនភៀសកម្ពុជា ។ ក្រោយចុះទៅឃើញស្ថានភាពជាក់ស្តែង លោក Thomas Andrews ក៏បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញពីចំណាប់អារម្មណ៍លើសេចក្តីថ្លែងការណ៍ របស់លោកផ្ទាល់ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសលើជនភៀសសឹក។ ប៉ុន្តែត្រូវបានរដ្ឋាភិបាលបញ្ចេញមតិ មិនពេញចិត្ត ចំពោះសកម្មភាពរបស់លោក Thomas Andrews ទៅវិញ។
ចំពោះករណីនេះ តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ស្វាគមន៍ចំពោះមតិយោបល់លើសេចក្តីថ្លែងការណ៍របស់លោក រួមទាំងពីរដ្ឋាភិបាលថៃផងដែរ ។ លោកថា នោះហើយជាមូលហេតុ ដែលលោកបានផ្ញើសេចក្តីព្រាងជាមុន នូវផ្នែកមួយនៃសេចក្តីថ្លែងការណ៍ ទាក់ទងនឹងជម្លោះព្រំដែនទៅរដ្ឋាភិបាលថៃ ពីរថ្ងៃមុនពេលត្រូវបានចេញផ្សាយ រួមទាំងផ្នែកដែលនិយាយអំពីការ ផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជា ខណៈលោកមិនបានទទួលការ ឆ្លើយតបចំពោះការទំនាក់ទំនងនោះ ប៉ុន្តែលោកនៅតែបើកចំហ និងចង់ពិភាក្សាអំពីទស្សនៈរបស់រដ្ឋាភិបាលថៃ។

លោកបន្តថា មន្ត្រីថៃបានជំទាស់ជាសាធារណៈចំពោះការលើកឡើងរបស់លោកចំពោះប្រជាជនកម្ពុជាប្រមាណ ៦៥០.០០០ នាក់ ដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះ រួមទាំងការបញ្ជាក់ថា អ្នកខ្លះក្នុងចំណោមអ្នក ដែលត្រូវបានផ្លាស់ទីលំនៅ បានរស់នៅលើទឹកដីថៃ។ ខណៈដែលមានការកត់សម្គាល់ពីទស្សនៈរបស់ប្រទេសថៃ ។
លោកថា តួលេខដែលលោកបានលើកឡើងអំពីជនភៀស គឺបានដកស្រង់ចេញពីរបាយការណ៍ របស់អង្គការសហប្រជាជាតិ ហើយការលើកឡើង ចំពោះអ្នកដែលត្រូវបានផ្លាស់ទីលំនៅ គឺផ្អែកលើក្តីបារម្ភ អំពីសិទ្ធិមនុស្ស ដោយមិនគិតពីការ ទាមទារទឹកដី ដែលមានជម្លោះនោះឡើយ ។
លោកគូសបញ្ជាក់ថា នៅខែក្រោយ លោកនឹងបញ្ចប់របាយការណ៍ របស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ហើយនឹងទាក់ទងទៅរដ្ឋាភិបាលថៃម្តងទៀត នៅពេលដែល លោករៀបចំរបាយការណ៍នោះ។ លោកសង្ឃឹមថា នឹងអាចពិភាក្សាជាមួយមន្ត្រីថៃ ដើម្បីឱ្យដឹង ពីទស្សនៈរបស់ពួកគេ មុនពេលរបាយការណ៍ របស់លោកត្រូវ បានបោះពុម្ពផ្សាយ ។
លោកគូសបញ្ជាក់ថា ការដោះស្រាយ ជម្លោះព្រំដែន ឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី គឺមានសារៈសំខាន់ ដែលការធ្វើដូច្នេះនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋាន របស់ខ្លួនវិញ រស់នៅក្នុងបរិយាកាសប្រកប ដោយស្ថិរភាព និងសុវត្ថិភាព ព្រមទាំងអាចទាញយកផល ប្រយោជន៍ពីឱកាសសេដ្ឋកិច្ច ដែលការធ្វើពាណិជ្ជកម្ម តាមព្រំដែនអាចផ្តល់ជូន ៕









