Feature

ក្រសួងកសិកម្ម ដាក់ទិសដៅថ្មី ដើម្បីប្រសិទ្ធភាព នៃការអភិរក្ស ផ្សោតទន្លេមេគង្គ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ទិសដៅថ្មី ដើម្បីប្រសិទ្ធភាព នៃការអភិរក្សផ្សោតទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព ពេលចេញល្បាតក្នុងរដូវវស្សា។

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោកអនុប្រធាន ផៃ សុម៉ានី និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ស្ទឹងត្រែង អង្គការ WWF កម្ពុជា នៅទីស្នាក់ការអភិរក្សសត្វផ្សោត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី បានគូសបញ្ជាក់ថា ទោះបីមានការយាមល្បាត ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ ក៏បទល្មើសប្រើប្រាស់មងក្រឡាធំ សន្ទូចរនង និងឧបករណ៍ឆក់ត្រី នៅតែបន្តកើតមាន ដែលជាហានិភ័យធ្ងន់ធ្ងរដល់សត្វផ្សោត។

លោកស្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ ដោយបានដាក់ចេញនូវវិធានការដូចជា៖ ១. កំណត់អត្តសញ្ញាណ មុខសញ្ញាជនល្មើស និងចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែង ។ ២. ការជ្រើសរើសឆ្មាំទន្លេបន្ថែម​ ដែលមានជំនាញ បើកបរទូកប្រដេញ ដើម្បីបង្ក្រាបបទល្មើសនេសាទលើដងទន្លេ ។ ៣. ការធ្វើទំនើបកម្មទូកល្បាតឱ្យមានល្បឿន ដើម្បីបង្កើនប្រសិទ្ធភាព នៃការល្បាតនិងបង្ក្រាបបទល្មើស ៤. ការកែសម្រួលប៉ុស្តិ៍ល្បាត នៅក្នុងតំបន់អភិរក្ស ស្របទៅតាមទីតាំងចល័តរបស់ផ្សោត និងទីតាំងដែលសម្បូរបទល្មើសនេសាទ៕

To Top