ស្ថានទូតលុចសំបួ បញ្ជាក់ជំហរជួយក្រសួងទេសចរណ៍ លើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
ភ្នំពេញ៖ លោកភារធារី នៃស្ថានទូតលុចសំបួ បានគូសបញ្ជាក់ពីការចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយ សម្រាប់កម្មវិធីសហប្រតិបត្តិទ្វេភាគី (កម្ពុជា-លុចសំបួ) និងជំហរក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឱ្យបានដល់កម្រិតស្តង់ដា ។

ការបង្ហាញជំហគាំទ្រ របស់ភារធារីលុចសំបួ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Thomas Lammar ភារធារីនៃស្ថានទូតលុចសំបួ ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-លុចសំបួ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលតែងតែគាំទ្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការចាប់អារម្មណ៍ និងការគាំទ្រ ដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ (Vocational School of Tourism – VST) របស់ក្រសួងទេសចរណ៍ តាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ ចំនួនពីរលើកកន្លងមក។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ជំនួបនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម និងជាក់ស្តែងរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» និងកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ អ្នកបង្កើតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។

ជាកិច្ចឆ្លើយតប លោកភារធារី បានគូសបញ្ជាក់ពីការចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយ សម្រាប់កម្មវិធីសហប្រតិបត្តិទ្វេភាគី (Cambodia-Luxembourg Indicative Cooperation Programme) និងជំហរក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឱ្យបានដល់កម្រិតស្តង់ដារ និងកិត្តិនាមដែលប្រទេសលុចសំបួ ត្រូវបានទទួលស្គាល់ថា លើពិភពលោកជាប្រទេសនាំមុខមួយ លើផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានស្នើសុំកិច្ចសហការពីស្ថានទូត ក្នុងការជួយផ្សព្វផ្សាយគោលដៅ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) ពីផ្នែកឯកជន និងសារព័ត៌មានពីប្រទេសលុចសំបួ មកស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ការលើកកម្ពស់ការវិនិយោគ ក្នុងវិស័យទេសចរណ៍ និងការពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ជូនថា គិតមកដល់ឆ្នាំ២០២៦នេះ ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា និងប្រទេសលុចសំបួ មានរយៈពេលជាច្រើនទសវត្សមកហើយ ហើយត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងគ្របដណ្តប់លើវិស័យជាច្រើន ជាពិសេសតាមរយៈព្រះរាជទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារបស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរដោយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ កាលពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កន្លងមក៕









