Feature

បញ្ហាព្រំដែន កម្ពុជា-ថៃ ! ប្រមុខការទូតកម្ពុជា ថា មានតែដំណោះស្រាយ ប្រកបដោយយុត្តិធម៌ ទើបអាចអនុញ្ញាត ឱ្យប្រជាជនទាំងពីរ រស់នៅជាមួយគ្នាដោយសន្តិភាព

ភ្នំពេញ ៖ បញ្ហាព្រំដែន កម្ពុជា-ថៃ ! លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា មានតែដំណោះស្រាយប្រកបដោយយុត្តិធម៌ សន្តិភាព និង ស្ថិរភាពយូរអង្វែងប៉ុណ្ណោះ ទើបអាចអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីរ រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម ។

ការលេីកឡេីងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៩ នៃការបង្កើតអាស៊ាន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជ/រដ្ឋទូត និងតំណាងស្ថានបេសកកម្មការទូត ប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ពិធីនេះបានគូសបញ្ជាក់នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តមួយ ក្នុងរយៈពេលជិតប្រាំមួយទសវត្សរ៍របស់អាស៊ានដែលប្រកបដោយមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ទន្ទឹមនឹងនេះ ពិធីនេះក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន និងជំរុញការកសាងអាស៊ានដែលប្រកបដោយភាពធន់ បរិយាបន្ន សំឡឹងឆ្ពោះទៅមុខ និងយកចិត្តទុកដាក់លើប្រជាជន។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានតែដំណោះស្រាយប្រកបដោយយុត្តិធម៌ សន្តិភាព និងស្ថិរភាពយូរអង្វែងប៉ុណ្ណោះ ទើបអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ដូច្នេះ កម្ពុជាបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោគ (JBC) ព្រមទាំងការអនុញ្ញាតឱ្យពលរដ្ឋភៀសសឹក វិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតជាធម្មតារបស់ពួកគេវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ឱ្យកាន់តែឆាប់បំផុត៕

To Top