រដ្ឋមន្ដ្រីអប់រំ លើកទឹកចិត្តសិស្សានុសិស្ស ត្រូវថែរក្សាសុខភាព ឱ្យបានល្អ ហើយបន្តរំលឹកមេរៀនជាប្រចាំ
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់ និងបន្តរំលឹកមេរៀនជាប្រចាំ ។
ការលើកទឹកចិត្តរបស់ លោឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។

លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស ឃុំកងតាណឹង អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសវឌ្ឍនភាពនៃវិទ្យាល័យនេះ។
ព្រមជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ គេងឱ្យបានគ្រប់គ្រាន់ និងបន្តរំលឹកមេរៀនជាប្រចាំ ជាពិសេសលើចំណុចណាដែលមិនទាន់ច្បាស់លាស់។ លោក ថា «ប្អូនៗត្រូវចេះកំណត់ពេលវេលា និងគ្រប់គ្រងម៉ោងពេលក្នុងការធ្វើលំហាត់ឱ្យបានសមស្រប ដើម្បីធានាបាននូវទំនុកចិត្ត និងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងនាពេលខាងមុខ»។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំ និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យជ្រើសរើសយកការប្រឡងលើថ្នាក់វិទ្យាសាស្ត្រឱ្យបានកាន់តែច្រើននាឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យបច្ចេកវិទ្យា៕









