Feature

ក្រសួងបរិស្ថាន ជំរុញគម្រោងអភិវឌ្ឍន៍ គោលដៅលម្ហែបៃតង «ទេទឹកពុះ» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរ មកសម្រាកលម្ហែនិងពង្រឹងការគ្រប់គ្រង ប្រព័ន្ធតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ និងរដ្ឋបាលមូលដ្ឋាន រួមជាមួយអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងមានគោលដៅពង្រឹងប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ នៅក្នុងតំបន់ ជួយបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការបង្កើតកន្លែងលំហែកាយបែបធម្មជាតិបៃតង ដ៏ទាក់ទាញមួយបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងអភិវឌ្ឍន៍ គោលដៅលម្ហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ។

សូមបញ្ជាក់ថា កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ក្នុងនោះបានផ្តល់ភ្លើងទេវតា (សូឡា) បំភ្លឺជូនសហគមន៍ចំនួន ៣០៣គ្រួសារ។

ឆាប់ៗនាពេលខាងមុខ ក្រសួងបរិស្ថាន នឹងអនុវត្តគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដោយផ្តោតសំខាន់លើការផ្តល់ជូនសហគមន៍ ជាសហគ្រិន មានភាពជាម្ចាស់ និងដឹកនាំគម្រោងនេះ ធ្វើការផ្តល់សេវាកម្មទេសចរណ៍ ឱ្យបានល្អប្រសើរ ដែលជួយលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យមានចីរភាព។ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ត្រូវបានមន្ត្រីជំនាញចុះវាស់វែង បោះបង្គោលព្រំដីកំណត់តំបន់អភិវឌ្ឍន៍ និងរៀបចំផែនការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង រួចហើយ៕

To Top