លោក ឃួន ផុនរតនៈ អញ្ជើញសមាគមពិភពលោក សម្រាប់សហគ្រាសធុនតូច-មធ្យម បំពេញទស្សនកិច្ចកម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានអញ្ជើញលោកបណ្ឌិត Rhee Sung woo អគ្គលេខាធិការ នៃសមាគមពិភពលោក សម្រាប់សហគ្រាសធុនតូច និងមធ្យម (WASME) បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាទីផ្សារកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត Rhee Sung woo អគ្គលេខាធិការ នៃសមាគមពិភពលោក សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ បានជម្រាបជូនក្រុមគណៈប្រតិភូអំពីសក្តានុពល លក្ខខណ្ឌអនុគ្រោះ និងអត្ថប្រយោជន៍ផ្សេងៗ ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ។

លោកក៏បានអញ្ជើញក្រុមគណៈប្រតិភូ បំពេញទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីសិក្សាបន្ថែមអំពីទីផ្សារកម្ពុជា និងជួបពិភាក្សាដោយផ្ទាល់ ជាមួយដៃគូពាក់ព័ន្ធ ហើយស្ថានទូតត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការសម្របសម្រួល សម្រាប់ជំនួបជាមួយស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនៃជំនួប ក្រុមគណៈប្រតិភូបានមានចំណាប់អារម្មណ៍លើទីផ្សារគ្រឿងសម្អាងក្នុងប្រទេសកម្ពុជា និងមានបំណងស្វែងរកដៃគូអាជីវកម្ម និងបើករោងចក្រផលិតក្នុងប្រទេសកម្ពុជា។

WASME គឺជាអង្គការអន្តរជាតិដែលជួយលើកកម្ពស់ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍជំនាញ បណ្តុះបណ្តាលសមត្ថភាព បច្ចេកវិទ្យា ការគ្រប់គ្រងអាជីវកម្ម និងការផ្សព្វផ្សាយ ផ្សេងៗ។ ក្នុងរយៈពេលជាង ៤៥ឆ្នាំ នៃការបើកដំណើរការ សមាគមនេះមានសមាជិកប្រមាណ ១,០០០ ក្រុមហ៊ុន ទូទាំងសាកលលោក ៕










